ប្រទេសមីយ៉ាន់ម៉ា ជាប់ជាប្រទេសមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ក្នុងឆ្នាំ២០២៣
ណៃពិដោ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គការឃ្លាំមើលមួយ បានឱ្យដឹងនៅថ្ងៃពុធនេះថា កាលពីឆ្នាំ២០២៣ មីយ៉ាន់ម៉ា មានមនុស្សរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ច្រើនជាងប្រទេសណាទាំងអស់ ជាមួយចំនួនអ្នកស្លាប់ឬរបួស សរុបជាង ១ ០០០នាក់។
ជម្លោះអូសបន្លាយរាប់ទសវត្សរ៍ រវាងយោធា និងក្រុមឧទ្ទាមជនជាតិភាគតិច បានបណ្តាលឱ្យប្រទេសមីយ៉ាន់ម៉ា សម្បូរទៅដោយ គ្រាប់មីន និងគ្រឿងផ្ទុះផ្សេងៗទៀត។ យ៉ាងណាមិញ ការធ្វើរដ្ឋប្រហាររបស់យោធា ផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី កាលពីឆ្នាំ២០២១ បានរុញច្រានប្រទេសអាស៊ានមួយនេះ ឱ្យធ្លាក់ទៅក្នុងភ្លើងជម្លោះ កាន់តែក្តៅគគុក។
អង្គការយុទ្ធនាការអន្តរជាតិដើម្បីហាមឃាត់គ្រាប់មីន ហៅកាត់ ICBL បាននិយាយថា គ្រាប់មីនប្រឆាំងមនុស្ស និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានសម្លាប់ឬបង្កឱ្យរបួស មនុស្សសរុប ១ ០០៣នាក់ នៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២៣។ ទន្ទឹមគ្នានោះ នៅឯប្រទេសស៉ីរី មាន៩៣៣នាក់, អាហ្វហ្កានីស្ថាន មាន ៦៥១នាក់ និងអ៊ុយក្រែន មាន ៥៨០នាក់។
គួរបញ្ជាក់ថា បើតាម ICBL សរុបជារួម កាលពីឆ្នាំ២០២៣ មានមនុស្សយ៉ាងហោច ៥ ៧៥៧នាក់ បានក្លាយជាជនរងគ្រោះ នៃគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅទូទាំងពិភពលោក។ ក្នុងនោះ ១ ៩៨៣នាក់ បានស្លាប់ និង ៣ ៦៦៣នាក់ បានរងរបួស ហើយ៨៤ភាគរយ នៃជនរងគ្រោះទាំងអស់ គឺជាប្រជាជនស៉ីវិល។ដោយឡែកកាលពីឆ្នាំ២០២២ ចំនួនជនរងគ្រោះ នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅទូទាំងពិភពលោកគឺមានយ៉ាងហោច ៤ ៧១០នាក់៕