រដ្ឋមន្ត្រីការពារជាតិចិន បដិសេធមិនជួបប្រមុខការពារជាតិអាម៉េរិក ក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំការពារជាតិនៅឡាវ
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) បានបដិសេធមិនជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំការពារជាតិក្នុងប្រទេសឡាវ។ ប្រធានមន្ទីរបញ្ចកោណកាលពីថ្ងៃពុធទី២០វិច្ឆិកា ចាត់ទុកការបដិសេដនេះថា ជារឿងអកុសល។
ការប្រមូលផ្តុំពហុភាគីនៃមន្ត្រីសន្តិសុខជាតិនៅក្នុងតំបន់អាស៊ី ត្រូវបានគេប្រើប្រាស់នាពេលកន្លងមកសម្រាប់កិច្ចប្រជុំរវាងប្រមុខការពារជាតិអាម៉េរិក និងចិន ប៉ុន្តែចិន បានបដិសេធសំណើកិច្ចប្រជុំរបស់លោក អូស្ទីន ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បូកនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៅសប្តាហ៍នេះ។
លោក អូស្ទីន បានប្រាប់អ្នកយកព័ត៌មានថា៖«វាជារឿងអកុសល! វាមានផលប៉ះពាល់ដល់តំបន់ ព្រោះថាតំបន់នេះចង់ឃើញមហាអំណាចទាំងពីរពិភាក្សាគ្នា»។
គួររំឭកថា លោក អូស្ទីន បានជួបរដ្ឋមន្ត្រីការពារជាតិចិន នៅខាងក្រៅសន្និសីទសិង្ហបុរីកាលពីដើមឆ្នាំនេះ ដោយបានរំឭកឡើងវិញពីភាពខ្វែងគំនិតគ្នារបស់ពួកគេលើកោះតៃវ៉ាន់ និងបញ្ហាផ្សេងទៀត ប៉ុន្តែសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សាទំនាក់ទំនងរវាងយោធា និងយោធាបើកចំហ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្តេជ្ញាថានឹងធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ខណៈលោកបានជួបពិភាក្សាចុងក្រោយជាមួយលោកប្រធានាធិបតី ចូ បៃឌិន ស្តីពីជម្លោះពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរហូតដល់ពាណិជ្ជកម្មតៃវ៉ាន់ សមុទ្ទចិនខាងត្បូង និងរុស្ស៊ី៕