សម្ដេចធិបតី៖ ជាង១ឆ្នាំមកនេះ វិស័យថ្មអារ បានទទួលជោគជ័យ ដែលជាគំរូមួយទៅដល់វិស័យផ្សេងទៀត
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ វិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលជាង១ឆ្នាំនេះ វិស័យថ្មអារបានទទួលជោគជ័យ ដែលជាគំរូមួយទៅដល់វិស័យផ្សេងទៀត ។
ជាមួយគ្នានោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា នៅពេលដែលចូលនិវត្តន៍ សម្ដេចអាចនឹងសរសេរសៀវភៅ ពាក់ព័ន្ធនឹងការចូលរួមដោះស្រាយលើបញ្ហាវិស័យថ្មអារនៅកម្ពុជា ក្នុងពេលសម្ដេចកាន់តំណែងជានាយករដ្ឋមន្រ្ដី ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ ការងារក្រសួងរ៉ែ និងថាមពលរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ គឺបានជួយឱ្យវិស័យថ្មអាររបស់កម្ពុជាមានការងើបឡើងវិញរហូតមានសម្ទុះកើងឡើងដល់ជាង៤%។
ទន្ទឹមគ្នានោះសម្ដេចធិបតី ក៏បានផ្ដល់ការគាំទ្រ ក្នុងការកែទម្រង់វិស័យថ្មអារ និងខ្សាច់នាំចេញ ដែលជាចលករមួយដ៏សំខាន់សម្រាប់ជោគជ័យខាងលើនេះផងដែរ ៕