ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យក្រសួងរ៉ែ បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុនរុករករ៉ែនៅតំបន់វប្បធម៌ និងតំបន់បេតិកភ័ណ្ឌ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យក្រសួងរ៉ែ និងថាមពល ចាប់ពីពេលនេះតទៅ ត្រូវបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរុករករ៉ែនៅតំបន់វប្បធម៌ និងតំបន់បេតិកភ័ណ្ឌ និងត្រូវទប់ស្កាត់ជាបន្ទាន់នូវអាជីវកម្មរ៉ែអណាធិបតេយ្យជាដើម។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ វិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់ក្រសួងរ៉ែ ឲ្យបន្តរៀបចំសិក្សា កសាងផែនទី ស្ដីពីការអភិវឌ្ឍវិស័យ និងជំរុញការកំណត់ការរៀបចំ Zoning ជាថ្មី ដោយមានការផ្តល់ធាតុចូលពីអាជ្ញាធរមូលដ្ឋាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងមន្ទីរធម្មការ និងសាសនា នៃបណ្តារាជធានី-ខេត្តឱ្យបានច្បាស់លាស់ ៕