ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមប្រជុំចរចាត្រីភាគីលើកិច្ចប្រតិបត្តិការគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ
ភ្នំពេញ៖ នៅសាលប្រជុំនៃទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចរចាត្រីភាគីរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ក្រោមអធិបតីភាពរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំចរចានៅពេលនេះគឺផ្តោតលើកិច្ចប្រតិបត្តិការក្នុងគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) ហើយដែលធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ជាសហហិរញ្ញប្បទានជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចចរចាបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយកិច្ចប្រជុំនេះបានបញ្ចប់ទៅដោយមានការឯកភាព សាមគ្គីភាព និងមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីឈានទៅធ្វើការអនុវត្តនាពេលដ៏ខ្លីខាងមុខ៕