សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានមហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ បានបង្ហាញក្ដីសង្ឃឆមជឿជាក់ថា ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាពទៅថ្ងៃអនាគត ដោយសម្ដេចពោថា «រួមគ្នាយើងឈ្នះ, រួមគ្នាយើងរីកចម្រើនឥតឈប់ឈរ និងយ៉ាងជ្រាលជ្រៅ» ។
ក្នុងឱកាសអញ្ជើញបិទមហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណើរស្វែងរកសន្តិភាពរបស់ប្រទេសកម្ពុជា, យើងពុំអាចថ្លែងរៀបរាប់អស់អំពីឥទ្ធិពលដ៏ចាំបាច់ នៃការបង្រួបបង្រួម និងការដឹកនាំប្រកបដោយចក្ខុវិស័យ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ។
សម្តេចធិបតី បានមានប្រសាសន៍ថា ការបង្រួបបង្រួមជាតិ និងសន្ដិភាពពេញលេញនៅចុងខែធ្នូ ឆ្នាំ១៩៩៨ បានត្រួសត្រាយផ្លូវសម្រាប់ការកសាងប្រទេសឡើងវិញក្រោយជម្លោះ ប្រកបដោយប្រសិទ្ធភាព, ការកែទម្រង់ស៊ីជម្រៅ និងពេញលេញលើក្របខ័ណ្ឌច្បាប់, ស្ថាប័ន និង គោលនយោបាយ, និង ការធ្វើសមាហរណកម្មរបស់កម្ពុជា ចូលក្នុងសហគមន៍តំបន់ និងពិភពលោក ឡើងវិញ ដែលបានអនុញ្ញាតឱ្យកម្ពុជាក្លាយជាតួអង្គដ៏សកម្មមួយ ក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
សម្តេចធិបតី បានថ្លែងថា ភាពជោគជ័យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលត្រូវបានគេស្គាល់ថា ជាសាលាក្តីខ្មែរក្រហម បានផ្តល់នូវ «យុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានស្លាប់ និង សន្តិភាពសម្រាប់អ្នករស់រានមានជីវិត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តួនាទីរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពសកលលោក និង ការរំដោះមីន ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ បានឆ្លុះបញ្ជាំងពីភាពធន់របស់កម្ពុជាក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក និង កំណត់បទដ្ឋានសកលប្រឆាំងនឹងអំពើឃោរឃៅ និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនាពេលអនាគត, ព្រមទាំងការផ្លាស់ប្តូរប្រទេសកម្ពុជា ពីជនរងគ្រោះក្លាយទៅជាអ្នកការពារសន្តិភាពដ៏សកម្ម និង ជាប្រទេសរំដោះមីនដែលពិភពលោកទទួលស្គាល់។
សម្តេចធិបតី បានគូសបញ្ជាក់ថា សន្តិភាពមិនមែនជាការទទួលខុសត្រូវរបស់ប្រទេសជាតិណាតែមួយនោះទេ ពោលគឺជាកិច្ចការរួមគ្នា។ ដូចនេះសូមអំពាវនាវដល់ប្រទេស, ស្ថាប័ន និង បុគ្គលទាំងអស់រួមគ្នារក្សា និង ស្វែងរកសន្តិភាពយូរអង្វែង ៕