ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
អាមេរិក និងចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក ដែលមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ និងស្មុគ្រស្មាញបំផុត។ យ៉ាងណាមិញ ការងើបឡើងយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចចិន បានធ្វើឱ្យអាមេរិកប្រកាន់យកនូវទស្សនៈថា ចិនគឺជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រ ដែលគំរាមកំហែងដល់អនុរត្តភាពសកលរបស់ខ្លួន ហើយជានិច្ចកាលដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីកចម្រើនរបស់ចិនលើគ្រប់វិស័យរួមទាំងវិស័យពាណិជ្ជកម្ម។ ក្នុងអាណត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (២០១៧-២០២១) ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិកបានឈានដល់ដំណាក់កាលតានតឹងបំផុតក្នុងប្រវត្តិសាស្ត្ររហូតវិវត្តន៍ទៅជាសង្រ្គាមពាណិជ្ជកម្ម ដែលបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។
ការឈ្នះឆ្នោតជាលើកទី២របស់ប្រធានាធិបតីត្រាំ កាលពីពេលថ្មីៗនេះ បាននាំមកនូវការព្រួយបារម្មណ៍អំពីលទ្ធភាពដែលអាមេរិកនឹងបន្តគោលនយោបាយគាំពារនិយម ដែលផ្តោតលើប្រយោជន៍អាមេរិកជាធំ និងដាក់ចេញនូវសកម្មភាពឯកតោភាគីប្រឆាំងចិនដូចកាលពីឆ្នាំកន្លងទៅ។ អ្វីដែលអាចទៅរួចនោះគឺថា លោកត្រាំបានប្រកាសក្នុងយុទ្ធនាការមុនពេលបោះឆ្នោតថា “នឹងបង្កើនពន្ធគយបន្ថែមប្រមាណ ៦០% ឬច្រើនជាងនេះលើទំនិញដែលនាំចូលពីចិន” ដែលការណ៍នេះនឹងនាំមកនូវបញ្ហាប្រឈម និងភាពតានតឹងដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងអាចកើតឡើងសាជាថ្មី ហើយនឹងនាំមកនូវផលរំខានឥតគណនាដល់សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោក ដែលកំពុងតែប្រឈមនឹងកំណើនយឺត អតិផរណាខ្ពស់ និងការកើនឡើងនៃអត្រានិកម្មភាព។
ក្នុងបរិបទនៃភាពមិនច្បាស់លាស់ក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិក រដ្ឋាភិបាលចិនបានបង្កើនកិច្ចប្រឹងប្រែងកែទម្រង់ និងលើកកម្ពស់សេដ្ឋកិច្ចប្រកបដោយភាពធន់ រឹងមាំ និងបរិយាប័ន្ន ដើម្បីកាត់បន្ថយហានិភ័យនានា ដែលបណ្តាលមកពីបរិយាកាសខាងក្រៅ និងការកើនឡើងនៃគោលនយោបាយគាំពារនិយម។ តួយ៉ាង ចិនបានដាក់ចេញនូវយុទ្ធសាស្ត្រ “សេដ្ឋកិច្ចចរន្តទ្វេរ” ដែលផ្តោតសំខាន់លើការពង្រឹងទីផ្សារក្នុងស្រុក និងការធ្វើពិពិធកម្មពាណិជ្ជកម្មក្រៅប្រទេស។ ថ្មីៗនេះ រដ្ឋាភិបាលចិនបានចាក់បញ្ចូលសាច់ប្រាក់ប្រមាណ ១ទ្រីលានយ័ន (ប្រហែល ១៤០ ប៊ីលានដុល្លារ) ក្នុងចរន្តសេដ្ឋកិច្ច ដើម្បីជំរុញស្ថិរភាពទីផ្សារ និងបង្កើនការប្រើប្រាស់ក្នុងស្រុក ដែលបានផ្តល់សន្ទុះថ្មីក្នុងការបង្កើនភាពរឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចចិន។
ក្រៅពីនេះ ប្រទេសចិនក៏បានព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយដៃគូនានាលើពិភពលោក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគី ជាពិសេសក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការគោរពគ្នាទៅវិញទៅមក ប្រទេសចិនបានកា្លយទៅជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសជាង ១៤០ នៅទូទាំងពិភពលោក ។ ថ្មីៗនេះ សហគ្រាសជាង ៣.៥០០ មកពីជាងប្រទេស ១២០ បានចូលរួមពិព័រណ៍នាំចេញ-នាំចូលអន្តរជាតិចិនលើកទី៧ នៅទីក្រុងសៀងហៃ ដើម្បីដាក់បង្ហាញផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់។
ទាំងនេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការគាំទ្រដល់ពាណិជ្ជកម្មសេរី ការបើកចំហសេដ្ឋកិច្ច និងទំនុកចិត្តរបស់សហគមន៍អន្តរជាតិមកលើភាពធន់នៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់ចិន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតចេញពីភាពមិនច្បាស់លាស់ក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកផងដែរ។ ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលចិននៅតែសង្ឃឹមថា អាមេរិកនឹងជ្រើសរើសយកកិច្ចសហប្រតិបត្តិការជាមួយចិន ជាជាងការប្រឈមមុខដាក់គ្នា ហើយប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំងស្វែងរកមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីសហការគ្នានាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោក ដូចអ្វីដែលប្រធានរដ្ឋចិន ស៊ី ជីនពីង បានលើកឡើងក្នុងសារលិខិតអបអរសាទរការជាប់ឆ្នោតរបស់ប្រធានាធិបតីត្រាំ។
ជារួម ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិកនាពេលអនាគតនៅតែបន្តជួបប្រទះនូវភាពតានតឹង និងការមិនចុះសម្រុងគ្នា ដរាបណាអាមេរិកនៅតែចាត់ទុកចិនជាបន្លាក្នុងកែវភ្នែករបស់ខ្លួន ហើយប្រកាន់យកការប្រឈមមុខដាក់គ្នាជាជាងកិច្ចសហប្រតិបត្តិការ។ ទោះបីជាយ៉ាងនេះក្តី ចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក តាមរយៈការពង្រឹងសេដ្ឋកិច្ចប្រកបដោយភាពធន់ រឹងមាំ និងបរិយាបន្ន ព្រមទាំងការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានាក្រៅពីអាមេរិក។
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា