សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ។
អនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ រៀបចំឡើងរយៈពេល ៣ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងក្រសួងធម្មការ និងសាសនា មានការយាង និមន្ត និងអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចសង្ឃនាយកទាំងពីរគណៈ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត និងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តា ក្រសួង-ស្ថាប័ន រាជធានី ខេត្ត និងសាសនិកគ្រប់និកាយសាសនា ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួនប្រមាណ ១ ២០០ អង្គ/នាក់៕