សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើន នៃបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សកាន់តែនៅឆ្ងាយពីគ្នា និងធ្លាក់ចុះតម្លៃសង្គម។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងសូមឲ្យយុវជនខ្មែរត្រូវគិតពីតម្លៃខ្លួនឯង និងក្រុមគ្រួសារ ចៀសវាងការប្រើប្រាស់បណ្តាសង្គមដោយគ្រាន់តែចង់ទាញចំណាប់អារម្មណ៍ហ៊ានធ្វើរឿងអសិលធម៌។
សម្តេចធិបតី ក៏បានបញ្ជាក់អំពីសារសំខាន់ នៃការអប់រំតាមបែបព្រះពុទ្ធសាសនាកាន់តែមានតួនាទីយ៉ាងសំខាន់ ដើម្បីទទួលបានសីលធម៌ គុណធម៌ សុជីវធម៌ និង សមធម៌។
បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអប់រំតាមបែបព្រះពុទ្ធសាសនាបានចូលរួម ចំណែកក្នុងការពន្យល់សង្គមមនុស្សឱ្យមើលឃើញពីគុណតម្លៃ និងផលប្រយោជន៍ នៃការគោរពច្បាប់ ហើយជាបុណ្យកុសលជួយដល់សង្គមមនុស្សឱ្យមានស្មារតីនឹងនរ ទទួលបាន នូវសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព ៕