ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida
វ៉ាសុីនតោន៖ អ្នកនាំពាក្យរបស់អង្គការណាតូ (NATOបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកានេះថាអគ្គលេខាធិការ លោក Mark Rutte បានជួបប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នៅក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យ Farah Dakhlallah បានលេីកឡេីងក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខសកល ដែលបក្សសម្ព័ន្ធប្រឈមមុខ។
នៅលើគេហទំព័ររបស់ខ្លួន ណាតូបានឲ្យដឹងថា លោក Rutte និងក្រុមការងាររបស់លោក ក៏បានជួបសមាជិកសភា លោក Mike Waltz ដែលលោក ត្រាំ នឹងតែងតាំងឱ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ នៅពេលចូលកាន់តំណែងផងដែរ។
គួរបញ្ជាក់ថា លោក Rutte ដែលចូលកាន់តំណែងជាប្រមុខនៃអង្គការណាតូ កាលពីខែមុន ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថា ជាមេដឹកនាំអឺរ៉ុបដ៏ល្អម្នាក់ក្នុងការបង្កើតទំនាក់ទំនងការងារដ៏ល្អជាមួយលោក ត្រាំ អំឡុងអាណត្តិដំបូងរបស់លោក។