សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹករឿងដ៏សែនឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក។
ការលើកឡើងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាព បើកជាផ្លូវការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចត្រូវរបួស៥លើក នៅក្នុងពេលដែលខ្ញុំចូលសមរភូមិ ១០៥ដង របួស៥លើក និងពិការភ្នែកម្ខាង ការយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេស ហើយចុងក្រោយយកក្បាលខ្ញុំទៅដោះដូរជាមួយសន្តិភាពសម្រាប់ប្រទេសតាមរយៈ នយោបាយឈ្នះឈ្នះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កំណែទម្រង់ទី១ គឺធ្វើការកែទម្រង់ ២មុខព្រួញ ដោយមុខព្រួញនយោបាយ ផ្ទេរពីការវាយគិតតែពីវាយ ទៅកាន់ការចរចារផងនិងវាយផង ដែលឆ្ពោះទៅរកការបញ្ចប់សង្គ្រាមតាមរយៈការចរចារ។ ចំពោះកំណែទម្រង់ទី២ គឺជាកំណែទម្រង់សេដ្ឋកិច្ឋ ដែលសម្ដេចប្រៀបទៅនឹងកម្លាំងសង្កត់៣យ៉ាងដែលដូចជាព្រួញ ៣បាញ់មកលើដើមទ្រូង។
សម្ដេចតេជោ បានបន្តថា ជីវិតរបស់សម្ដេចបានផុយស្រួយហើយនៅក្នុងសង្គ្រាម ប៉ុន្តែវាផុយស្រួយទៅលើជីវិតនយោបាយថែមទៀត នៅត្រង់ថា កំណែទម្រង់ទាំងអស់នេះ មានបញ្ហា ៣បានកើតឡើង។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កម្លាំងសង្កត់ទាំង៣នោះ រួមមាន៖ ១).ផ្ទៃក្នុងរបស់ខ្លួនឯងមិនទាន់យល់នោះទេ អ្វីទៅចរចារ? ហេតុអីត្រូវការចរចារ? ២).កងទ័ពវៀតណាមនៅកម្ពុជា ខណៈដែលវៀតណាម មិនទាន់ធ្វើកំណែទម្រង់ ត្រង់ចំណុចនេះចង្អុលបង្ហាញថា វៀតណាមបានគោរពការសម្រេចចិត្តរបស់កម្ពុជា ៣).ខណៈនោះមានតែសហភាពសូវៀត និងប្រទេសនៅមេគង្គ ជាអ្នកជួយកម្ពុជា បើសូវៀត យល់ថា សម្តេចចូលដល់ដំណាក់កាលសើរើនិយម សូវៀតគ្រាន់តែប្រាប់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម គឺការធ្វើកំណែទម្រង់របស់សម្តេចត្រូវបរាជ័យ និងសូវៀតបញ្ឈប់ការផ្ដល់ជំនួយ។
សម្ដេចតេជោ ហ៊ុន សែន បង្ហាញថា ភ័ព្វសំណាងរបស់សម្ដេចគឺបានបំពេញការងារដោយជោគជ័យ បើទោះបីរជាមានឧបសគ្គច្រើនយ៉ាងណាក្ដី ចុងក្រោយសម្ដេចនៅតែអាចដឹកនាំប្រទេសកម្ពុជាមកកាន់ភាពល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅអង្គវេទិការទាំងមូលថា សន្តិភាពដែលកម្ពុជាមានពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ ៕