គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា
ភ្នំពេញ៖ គណៈប្រតិភូអន្ដរជាតិចំនួនប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីដំណើរការជំនុំជម្រះក្ដី មុខងារសេសសល់ និងតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា។
លោក ថោង សុជាតិ មន្ដ្រីគ្រប់គ្រងជាន់ខ្ពស់ អ.វ.ត.ក. តំណាងលោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទី អ.វ.ត.ក. បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ចំពោះដំណើរទស្សនកិច្ចនេះ និងបានធ្វើបទបង្ហាញដោយសង្ខេបអំពីប្រវត្តិរបស់ អ.វ.ត.ក. និងបច្ចុប្បន្នភាពនៃការអនុវត្តមុខងារសេសសល់របស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ជូនគណៈប្រតិភូអន្ដរជាតិ។
លោកថ្លែងថា មជ្ឈមណ្ឌលធនធាននៃអ.វ.ត.ក. ពិតជាមានកិត្តិយសណាស់ ដែលគណៈប្រតិភូអន្តរជាតិបានអញ្ជើញមកដល់ អ.វ.ត.ក. និងស្វែងយល់អំពីតួនាទីរបស់ស្ថាប័ននេះ ក្នុងការស្វែរកយុត្តិធម៌ ប្រឆាំងនិទន្ទភាព ផ្សះផ្សាសង្គម និងទប់ស្កាត់ការកើតឡើងនូវឧក្រិដ្ឋកម្មធ្ងន់ធ្ងរចំពោះមនុស្សជាតិ និងជាពិសេសដំណើរទស្សនកិច្ចនៅ អ.វ.ត.ក. ត្រូវបានរៀបចំនៅក្នុងរបៀបវារៈនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP លើកទី១២ ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព និងការផ្សះផ្សា។
បើតាមលោក ថោង សុជាតិ ទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នេះ បានផ្ដល់ឱ្យប្រតិភូបានយល់ច្បាស់អំពី កិច្ចខិតខំប្រឹងប្រែងនិងតួនាទីដ៏សំខាន់ របស់រាជរដ្ឋាភិបាកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាព ការរកយុត្ដិធម៌ជូនប្រជាជនកម្ពុជាដែលរងគ្រោះពីរបបខ្មែរក្រហម ការផ្សះផ្សាសង្គមជាតិកម្ពុជាក្រោយជម្លោះ ការអប់រំយុវជនជំនាន់ក្រោយឱ្យយល់ដឹងពីតម្លៃសន្ដិភាព និងការចូលរួមទប់ស្កាត់ការកើតឡើងវិញនូវអំពើឃោរឃៅក្នុងប្រទេសកម្ពុជា។
លើសពីនេះ ប្រតិភូទាំងអស់ក៏បានអញ្ជើញទស្សនារថយន្ដក្រុង អ.វ.ត.ក. ចល័ត បណ្ណសារដ្ឋានដែលមានឯកសារទទួលបានពីការជំនុំជម្រះក្ដី តួនាទីបណ្ណាល័យរបស់អ.វ.ត.ក. និងបានដឹងអំពីលទ្ធភាពចូលទៅពិនិត្យមើលឯកសារឌីជីថលជាង ២.៤លានទំព័រ ក្នុងនិហិដ្ឋានបណ្ណសារអនឡាញរបស់ អ.វ.ត.ក. ផងដែរ។
គណៈប្រតិភូអន្ដរជាតិ បានសម្តែងការគោរពយ៉ាងជ្រាលជ្រៅចំពោះការងារ និងតួនាទីរបស់ អ.វ.ត.ក. ក្នុងការជំរុញបុព្វហេតុនៃយុត្តិធម៌ និងការផ្សះផ្សារនៅកម្ពុជា។
ប្រតិភូក៏បានបញ្ជាក់ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគាំទ្រការបន្តនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់យុត្តិធម៌អន្តរកាលនៅក្នុងទ្វីបអាស៊ី និងធានាថាអំពើឃោរឃៅពីអតីតកាលមិនអាចបំភ្លេចបាននោះឡើយ ៕