អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលអូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលី ពីថ្ងៃទី២៦ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ាន គ្រោងជួបជាមួយតួអង្គពាក់ព័ន្ធសំខាន់ៗ រួមមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអូស្ត្រាលី សមាជិកសភា សហគមន៍ធុរកិច្ច វិស័យឯកជន ក៏ដូចជា ផ្នែកសិក្សាធិការ យុវជន និងនិស្សិត។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏នឹងជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងកង់បេរ៉ា ព្រមទាំងចូលរួមការដាក់ដំណើរការមជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី ក្នុងទីក្រុងកង់បេរ៉ាផងដែរ។
ទស្សនកិច្ចការងារនេះ សំដៅចូលរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ជាពិសេសក្រោយពីជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី៥០ នៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅកាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៊ែលបិន ប្រទេសអូស្ត្រាលី ៕