ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រគល់ម៉ូតូចំនួន ១២គ្រឿង អំណោយសម្តេចធិបតី ជូនសិស្សជ័យលាភីនិទ្ទេស A នៅទូទាំងស្រុកស្ទោង
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ឯកឧត្តម ថោ ជេដ្ឋា ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងនាំយកម៉ូតូចំនួន ១២គ្រឿងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ និទ្ទេស A ចំនួន១២នាក់ នៅទូទាំងស្រុកស្ទោង។
សូមជម្រាបថា ពិធីដ៏អធិកអធមនេះមានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក ក្រុមប្រឹក្សាស្រុក យុវជនស្រុក ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៨១៨នាក់។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងបានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលខិតខំបង្រៀន និងប្រឹងប្រែងរៀនសូត្រ រយៈពេល ១២ឆ្នាំរហូតទទួលបានជោគជ័យ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសិស្សនិទ្ទេស A ទាំង ១២នាក់ ក្នុងស្រុកស្ទោង នាសម័យប្រឡងកាលពីថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ស្របតាមពាក្យស្លោក «អ្នកចេះ គឺ ជាប់»។
ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលនៃការសិក្សារបស់ក្មួយៗនៅពេលនេះ គឺកើតឡើងដោយសារកត្តាប្រទេសមានសុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្មួយៗដោយផ្ទាល់ ហើយនៅជំហានបន្ទាប់នេះ ក្មួយៗនឹងត្រូវសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យ ឬមហាវិទ្យាល័យ ដើម្បីទទួលបានចំណេះជំនាញជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ។
ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោងបានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យបន្តខិតខំសិក្សារៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងចូលរួមប្រព្រឹត្តអំពើល្អ មានសុជីវធម៌ សីលធម៌ និងគុណធម៌ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល និងត្រូវចងចាំជានិច្ចថា បើស្រឡាញ់ខ្លួន ស្រឡាញ់ក្រុមគ្រួសារឪពុកម្តាយ ហើយចង់មានអនាគតរុងរឿង គឺត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងជៀសវាងការប្រព្រឹត្តនូវអំពើអបាយមុខនានា។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានប្រគល់ជូនសិស្សជ័យលាភីនិទ្ទេស A ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូចំនួនមួយគ្រឿងដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ សិស្សានុសិស្សចំនួន ៦០០នាក់ ម្នាក់ៗទទួលបានថិវកា ២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន ៥៤នាក់ ម្នាក់ៗ ទទួលបានថវិកា ៤ម៉ឺនរៀល និងវិទ្យាល័យរស្មីសោភណ្ឌ វិទ្យាល័យហ៊ុនសែនចំណាលើ វិទ្យាល័យជាស៊ីមប្រឡាយ វិទ្យាល័យហ៊ុនសែនរុងរឿង ដែលវិទ្យាល័យនីមួយៗទទួលបានថវិកាចំនួន ២លានរៀល។
សូមបញ្ជាក់ថា នៅក្នុងស្រុកស្ទោងមានវិទ្យាល័យចំនួន៤ គឺវិទ្យាល័យរស្មីសោភណ្ឌ វិទ្យាល័យជាស៊ីម ប្រឡាយ វិទ្យាល័យហ៊ុនសែនរុងរឿង និងវិទ្យាល័យហ៊ុនសែនចំណាលើ មានសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ សរុបចំនួន ៦៨៣នាក់ ហើយជាលទ្ធផលសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិសរុប ៦១១នាក់ ក្នុងនោះសិស្សទទួលបាននិទ្ទេសAចំនួន ១២នាក់ មកពីវិទ្យាល័យរស្មីសោភណ្ឌចំនួន ១១នាក់ និងវិទ្យាល័យហ៊ុនសែនចំណាលើចំនួន ១នាក់ ៕