ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារសម្រាប់ខែបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្ដម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា អចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការគណបក្ស ក្រសួងអភិវឌ្ឍន៍ជនបទសរុប ៨៣រូប ។
បន្ទាប់ពីបានស្ដាប់នូវការអានសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្តខែធ្នូ ឆ្នាំ២០២៤ របស់ ដោយ ឯកឧត្ដម សាន វិសាល សមាជិកអចិន្រ្ដៃយ៍ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ និង ការផ្សព្វផ្សាយការងារឃោសនាអប់រំ របស់គណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល ដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្ស ក្រសួងអភិវឌ្ឍន៍ជនបទ រួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងបានជម្រាបជូនអង្គប្រជុំពីតម្លៃនៃសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ចសង្គម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មាន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្ដី និងបានបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម លោកជំទាវ និងអង្គពិធីទាំងមូល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងអស់ ក្នុងបុព្វហេតុសុខសន្ដិភាព និងការអភិវឌ្ឍជាតិ មាតុភូមិ។
ឯកឧត្ដមប្រធានគណបក្ស បានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលនាំឱ្យប្រទេសជាតិទាំងមូលមានមោទកភាព និមានកេរ្ដិ៍ឈ្មោះស្មើមុខស្មើមាត់ទាំងក្នុងតំបន់ និងលើឆាតអន្ដរជាតិ ៕