ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ និងទាហានកូរ៉េខាងជើង ៥០០នាក់ ត្រូវបានសម្លាប់ដោយមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស
កៀវ៖ ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ និងទាហានកូរ៉េខាងជើង ៥០០ នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់ដោយមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេសនៅក្នុងការវាយប្រហារដ៏សាហាវមួយរបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Sun។
ការវាយប្រហារដោយអ៊ុយក្រែនកាលពីថ្ងៃពុធសប្តាហ៍មុនបានផ្តាច់ជីវិតឧត្តមសេនីយ៍របស់រុស្ស៊ី លោក វ៉ាឡេរី សូឡូឈុក (Valery Solodchuk) ហើយបណ្តាលឱ្យស្លាប់ទាហានរុស្ស៊ីចំនួន ១៨ នាក់ជាមួយនឹង ១៨ នាក់ទៀតបានរងរបួស។។ ក្រុមហ៊ុន Global Defense Corp ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានរាយការណ៍ថាទាហានកូរ៉េខាងជើង ៥០០ នាក់ដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ីបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយមីស៊ីល Storm Shadow។ ទាហានកូរ៉េខាងជើងប្រហែល ១០ ០០០ នាក់ ត្រូវបានគេជឿថាត្រូវបានបញ្ជូនទៅកាន់តំបន់សង្រ្គាម។
នេះជាលើកទីមួយហើយដែលមីស៊ីលរបស់ចក្រភពអង់គ្លេសត្រូវបានគេប្រើដើម្បីវាយប្រហារគោលដៅជ្រៅក្នុងប្រទេសរុស្ស៊ី។ ការខាតបង់ដែលមិនទាន់ត្រូវបានបញ្ជាក់ដោយអាជ្ញាធររុស្ស៊ី ឬកូរ៉េខាងជើង អាចពន្យល់ពីមូលហេតុដែលលោក ពូទីន បាញ់មីស៊ីលលឿនជាងសំឡេង Oreshnik ទៅលើតំបន់ Dnipro នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ កាលពីដើមសប្តាហ៍មុន មីស៊ីល Storm Shadow រហូតដល់១២ ដើមត្រូវបានបាញ់ចេញពីយន្តហោះអ៊ុយក្រែន។ មីស៊ីលនេះប្រើ GPS ដើម្បីវាយប្រហារគោលដៅយ៉ាងជាក់លាក់ ហើយអាចធ្វើដំណើរក្នុងល្បឿនជា ៩៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ មីស៊ីល Storm Shadow របស់អង់គ្លេសមានសមត្ថភាពហោះទម្លុះប្រព័ន្ធការពារដែនអាកាស ដែលធ្វើឱ្យពួកវាក្លាយជាអាវុធវាយប្រហារដែលជាសុបិនអាក្រក់សម្រាប់សត្រូវ៕