ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខ របស់អាជ្ញាធរទន្លេសាប
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខរបស់អាជ្ញាធរទន្លេសាប។
សូមជម្រាបថា តំបន់ជុំវិញបឹងទន្លេសាបចែកជាបីតំបន់ ក្នុងនោះ តំបន់មួយ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ តំបន់ពីរ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ និង តំបន់បី ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត ដែលអាចលិចទឹកនៅរដូវវស្សាកម្រិតកម្ពស់ពី ៦ ទៅ ៧ម៉ែត្រ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍គូសបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីទំហំផ្ទៃដីតំបន់ទាំងបី និងសាងសង់បង្គោលព្រំតំបន់បី អាជ្ញាធរទន្លេសាបដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធដែលរួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអាជ្ញាធរថ្នាក់ក្រោមជាតិ បានយកចិត្តទុកដាក់ចុះអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជាលទ្ធផល ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ការសង់បង្គោលព្រំតំបន់បី ក្នុងរយៈពេល ២៤២ថ្ងៃកន្លងមកនេះ នៅតាមបណ្តាខេត្តចំនួន៦ សម្រេចបាន ១០៦៩បង្គោល ស្មើនឹង ៨៣,៣៣% ក្នុងនោះខេត្តចំនួនបីបានបោះបង្គោលរួចរាល់១០០% មានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ដោយឡែក ខេត្តសៀមរាបសម្រេចបោះបង្គោលបាន ៨៣,៦១% ខេត្តកំពង់ឆ្នាំងសម្រេចបាន ៧២,៥៥% និងខេត្តកំពង់ធំសម្រេចបាន ៨៦,៤១%។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការធ្វើបច្ចុប្បន្នភាពផែនទីទំហំផ្ទៃដីតំបន់ទាំងបី ក្នុងខេត្តទាំង៦ ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែងនៅដំណាក់កាលទី៣ ទំហំផ្ទៃដីតំបន់មួយមានចំនួន ៤៣៦ ៨៧៩,១១ហិកតា តំបន់ពីរមានចំនួន ៤១៣ ៤៨៨,០៨ហិកតា និង តំបន់បីមានចំនួន ៥៦១ ៦៣៤,៦០ហិកតា។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអាជ្ញាធរទន្លេសាបបន្តចុះបេសកកម្មទៅឱ្យដល់មូលដ្ឋាន ពិនិត្យមើលពីស្ថានភាពជាក់ស្តែង ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ហើយត្រូវរៀបចំផែនការការងារច្បាស់លាស់មួយនៅជំហានបន្ទាប់ ក្រោយពីការកាត់ឆ្វៀល ការបោះបង្គោលនិងការកំណត់ព្រំតាមតំបន់នីមួយៗរួចរាល់ ដើម្បីធ្វើរបាយការណ៍គោរពជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាបបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ គឺជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានអាណត្តិការងារ និងមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្របសម្រួលក្នុងការគ្រប់គ្រង ការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវផលប្រយោជន៍ប្រកបដោយនិរន្តរភាព។ ក្នុងដំណើរការអនុវត្តការងារ អាជ្ញាធរទន្លេសាបក៏មានសមាសភាពជាក់ស្តែងមកពីតាមបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធនានា និងខេត្តជាប់បឹងទន្លេសាបមួយចំនួនផងដែរ ៕