មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមប្រធានបទ«ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង»នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៤នេះនៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីបើកពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤នេះ ឯកឧត្តម សោម សុគន្ធរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជានេះ គឺជាការផ្តល់ក្តីសង្ឃឹមសម្រាប់ផលិតករភាពយន្តវ័យក្មេង ។ មិនត្រឹមតែប៉ុណ្ណោះ វាជាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ដល់យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងតាមរយៈរបាយការណ៍ថា មហោស្រពនេះធ្វើឡើងដើម្បីប្រកួតប្រជែងវាស់ស្ទង់កម្រិតសមត្ថភាពរបស់យុវផលិតករវ័យក្មេងព្រមទាំងចែករំលែកបទពិសោធថ្មីៗក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ធនធានមនុស្ស រួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាឲ្យកាន់តែប្រសើរឡើង និងដើម្បីបង្កើននូវបរិយាកាសដ៏សំបូរបែប នៃព្រឹតិ្តការណ៍វប្បធម៌ និងបង្កើននូវផលិតផលវប្បធម៌ថ្មីៗ ជាពិសេសបានចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី កិត្យានុភាព និងអត្តសញ្ញាណជាតិ នៅលើឆាកអន្តរជាតិផងដែរ។
បើតាមការឱ្យដឹងពីគណៈកម្មការមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤នេះ គឺមានស្នាដៃភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន៤៦ស្នាដៃ ដែលក្នុងនោះមានភាពយន្តខ្លីសម្រាប់ប្រឡងចំនួន៣៤ស្នាដៃ និងស្នាដៃឯសារភាពយន្តខ្នាតខ្លីសម្រប់ប្រកួតប្រជែងចំនួន១២ស្នាដៃ។
គួររម្លឹកថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
សូមបញ្ជាក់ថា តាមគម្រោងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤នេះ នឹងត្រូវបិទបញ្ចប់ ហើយប្រកាសលទ្ធផលម្ចាស់ជ័យលាភីនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅសាលសន្និសីទចតុម្មខដដែល។ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤នេះ មានរង្វាន់ធំចំនួន៤ និងរង្វាន់លើកទឹកចិត្តចំនួន៩ផ្សេងទៀត។ ដោយចំណាត់ថ្នាក់លេខ១ ទទួលបានពាន់រង្វាន់មាស ១ អមដោយទឹកប្រាក់ចំនួន១២លានរៀល។ លេខ២ទទួលបានពានប្រាក់មួយ អមដោយទឹកប្រាក់ ៨លានរៀល , លេខ៣ ទទួលបានពានសំរឹទ្ធ អមដោយទឹកប្រាក់៤លានរៀល និងពាន់រង្វាន់ភាពយន្តឯកសារខ្លី នឹងទទួលបានពាន់មួយអមដោយទឹកប្រាក់២លានរៀល។ ក្រៅពី ក៏មានពានរង្វាន់លើកទឹកចិត្តមួយចំនួនទៀតផងដែរ៕