ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សេដ្ឋកិច្ចឌីជីថល បានបង្កើតកាលានុវត្តភាពសម្រាប់ធុរកិច្ច និងការវិនិយោគថ្មី ដែលមិនធ្លាប់មានពីមុនមក
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចឌីជីថល បានបង្កើតកាលានុវត្តភាពសម្រាប់ធុរកិច្ច និង ការវិនិយោគថ្មី ដែលមិនធ្លាប់មានពីមុនមក។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរាតត្បាតជំងឺកូវីត១៩ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន ប៉ុន្តែទន្ទឹមនេះ, ក៏បានពន្លឿនបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ នៃសេដ្ឋកិច្ចពិភពលោក ។ ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលរងផលប៉ះពាល់ ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ, ហើយគំរូធុរកិច្ចត្រូវបានកែសម្រួល និងរៀបចំសាជាថ្មី ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិន បានព្យាករថា ការអភិវឌ្ឍគុណភាពខ្ពស់របស់ចិន ក្នុងរយៈពេលមធ្យមទៅវែង នឹងត្រូវបានជំរុញដោយ “កម្លាំងផលិតភាពថ្មី” ដូចជា បញ្ញាសិប្បនិម្មិត (AI), សេដ្ឋកិច្ចឌីជីថល, មនុស្សយន្ត, សេដ្ឋកិច្ចរយៈកម្ពស់ទាប (ឧ. ដ្រូន), វត្ថុធាតុដើមផលិតថ្មី និង ឧស្សាហកម្មនវានុវត្តន៍ផ្សេងទៀត ៕