នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ចិន គឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់ របស់ពិភពលោក
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រទេសចិន គឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក ។
សម្តេចធិបតី បន្តថា ដូច្នេះនៅពេលដែលចិន ផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់, សម្តេចជឿជាក់ថា តំបន់ទាំងមូលពិតជាទទួលបានផលប្រយោជន៍ ពីការតម្រង់ទិសគោលនយោបាយបែបនេះដែរ។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទំនាក់ទំនងវប្បធម៌ចាក់ឫសយ៉ាងជ្រៅរបស់យើង រួមផ្សំជាមួយនឹងទំនាក់ទំនងអន្តររដ្ឋាភិបាលដ៏រឹងមាំ បានបង្កើតបរិយាកាសអំណោយផលពិសេសមួយ សម្រាប់ការរីកចម្រើនរបស់វិនិយោគចិន។
សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន នោះគឺការប្រកាន់ជំហរថាតួអង្គសំខាន់ក្នុង ការជំរុញកំណើនសេដ្ឋកិច្ច មិនមែនជារាជរដ្ឋាភិបាលនោះទេ ប៉ុន្តែជាធុរកិច្ច និង វិនិយោគិន។ តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបង្កើតបរិយាកាសអំណោយផល ដែលធុរកិច្ចអាចរីកចម្រើន, នវានុវត្តន៍អាចមានភាពជឿនលឿន, ហើយកំណើនសេដ្ឋកិច្ចទទួលបានការថែទាំ ៕