សម្ដេចបវរធិបតី៖ សន្តិភាព គឺមានតម្លៃ និងជាទំនិញដ៏កម្រ មិនមែនគ្រប់ប្រទេសទាំងអស់ សុទ្ធតែមានសំណាងទទួលបានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សន្តិភាពគឺមានតម្លៃ និងជាទំនិញដ៏កម្រ មិនមែនគ្រប់ប្រទេសទាំងអស់ សុទ្ធតែមានសំណាងទទួលបានសន្តិភាព និង ស្ថិរភាពនយោបាយនោះទេ។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងពិភពលោកដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ, សន្តិភាព និង ស្ថិរភាពនយោបាយ បានត្រឹមតែជាសេចក្តីប្រាថ្នាប៉ុណ្ណោះ សម្រាប់ប្រទេសមួយចំនួន ។ មិនមែនគ្រប់ប្រទេសទាំងអស់ សុទ្ធតែមានសំណាងទទួលបានសន្តិភាព និង ស្ថិរភាពនយោបាយនោះទេ។ សន្តិភាពគឺមានតម្លៃ និងជាទំនិញដ៏កម្រ។ សន្តិភាពមិនអាចកើតឡើងតាមចិត្តចង់បាននោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចជឿថា សន្តិភាព និង ស្ថិរភាពនយោបាយ មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេ ប៉ុន្តែ «ជាកត្តាដែលចាំបាច់ខានពុំបាន» ។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរី បំផុតនៅអាស៊ី ៕