សម្តេចធិបតី៖ កម្ពុជាជាប្រទេសមួយ ដែលមានប្រជាជនក្មេងជាងគេនៅអាស៊ី
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសមួយ ដែលមានប្រជាជនក្មេងជាងគេនៅអាស៊ី ដោយពីរភាគបី នៃប្រជាជនកម្ពុជា មានអាយុក្រោម៣៥ឆ្នាំ ហើយយើងមានប្រជាជនរាប់លាននាក់ ដែលមានគំនិតភ្លឺស្វាង និង មានចំណេះដឹងបច្ចេកវិទ្យា ចង់បង្កើតគំនិតច្នៃប្រឌិត និង បំប្លែងគំនិតឱ្យទៅជាការពិត។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានថ្លែងថា ដោយការទទួលស្គាល់នូវកាលានុវត្តភាពនេះ យើងបានចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដែលផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈគ្រប់ជ្រុងជ្រោយ ដល់យុវជនកម្ពុជាចំនួន ១,៥ លាននាក់ ។ សិស្សវិទ្យាល័យ និង សាកលវិទ្យាល័យរបស់យើង តែងតែចូលរួមការប្រកួតប្រជែងមនុស្សយន្តអន្តរជាតិជារៀងរាល់ឆ្នាំហើយពួកគេបានឈ្នះមេដាយជាច្រើនផងដែរ។
សម្តេចធិបតី បន្ថែមថា ពួកគេគឺជាកម្លាំងចលករ ដែលនឹងបង្កើននូវភាពជោគជ័យនៃអាជីវកម្មផ្តល់នូវទស្សនវិស័យថ្មីៗ ចំពោះប្រតិបត្តិការ និង ជួយធុរកិច្ចរបស់អ្នក មានភាពប្រកួតប្រជែងក្នុងសម័យឌីជីថល៕