សម្តេចធិបតី គាំទ្រឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួងរៀបចំដែនដី
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការគាំទ្រឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបាននាពេលកន្លងមក ព្រមទាំងតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយម។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ វិច្ឆិកានេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការអនុវត្តការងារបន្តលើសមរភូមិការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និង សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
បើតាមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី ដោយផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម និងស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ដែលមានដូចជា សុវត្ថិភាពនិងគុណភាពសំណង់ រចនាបថនិងការឌីហ្សាញ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ព្រមទាំងការងារលំនៅឋាន និងការងារសម្បទានសង្គមនិងសេដ្ឋកិច្ចជាដើម។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការកំណត់ទិសដៅនេះ គឺក្រោយពេលក្រសួងបានទទួលលទ្ធផលល្អលើការងារអាទិភាពដែលកំណត់ជាផែនទី ឯកភាពការងាររបស់ក្រសួង ដ.ន.ស រួមមាន៖
– សមរភូមិទី១៖ ការរៀបចំផ្ទះសំបែងឱ្យរៀបរយ ដោយបន្តពូនជ្រំ និងបន្តនិរន្តភាពការងារ និងដំណើរការស្ថាប័នជារួម ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង។
– សមរភូមិទី២៖ ការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមដោយបង្កើតនូវបរិយាកាសគ្មានវិវាទតាមរយៈការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ការដោះស្រាយបញ្ហានៅតំបន់ទន្លេសាប តំបន់រមណីយដ្ឋានអង្គរ វិវាទតាមបុរី និងភូមិសាស្រ្តសនិ្តសុខនយោបាយ និងសេដ្ឋកិច្ច-សង្គម។
– សមរភូមិទី៣៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្តមន្ត្រី ៕