សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីបញ្ហាដីធ្លី គឺជាបញ្ហាក្ដៅដែលទាមទារឲ្យមានការដោះស្រាយ ដោយប្រុងប្រយ័ត្នបំផុត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រយៈពេល ១៥ ខែនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានធ្វើការច្រើនលើការដោះស្រាយបញ្ហាដីធ្លីនេះ ហើយករណីបញ្ហាដីធ្លីនេះ គឺជាបញ្ហាក្ដៅដែលទាមទារឱ្យមានការដោះស្រាយដោយមានការប្រុងប្រយ័ត្នបំផុត ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ វិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចំពោះបញ្ហាវិវាទដីធ្លី រាជរដ្ឋាភិបាលបានកំណត់បញ្ហាពីដើមទីនៃអាណត្តិទី៧នេះ ក្នុងការដោះស្រាយនេះ ដែលក្នុងនោះបញ្ហាធំជាគេ គឺការកំណត់ព្រំប្រទល់ដីមិនទាន់មានភាពច្បាស់លាស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី គឺត្រូវអនុវត្តតាមវិធីសាស្រ្ដចំនួនពីរ គឺទីមួយត្រូវដោះបញ្ហាចំពោះមុខ ទីពីរដោះស្រាយដោយត្រូវកំណត់យុទ្ធសាស្រ្ដដោះបញ្ហារយៈពេលវែង ដើម្បីឈានទៅដោះស្រាយឱ្យទទួលបានជោគជ័យ ខណៈមកដល់បច្ចុប្បន្នកំពុងមានវិវាទដីធ្លីនេះជាង ១ម៉ឺនករណី។
ជាមួយគ្នានោះសម្ដេចមហាបវរធិបតី អំពាវនាវឲ្យសាធារណជនពិនិត្យមើលលើបញ្ហាជម្លោះដីធ្លីជាពិសេសតាមបណ្ដាញសង្គមនានា ថាតើនៅក្នុងរយៈពេល ១៥ ខែមុន និង ១៥ ខែក្រោយ បានថយចុះកម្រិតណា។
សម្ដេចធិបតីបន្ថែមថា រដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឱ្យជម្លោះដីធ្លីបានថយចុះជាលំដាប់ ៕