សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញឱ្យមានករពង្រីកការវិនិយោគ លើវិស័យអចលនទ្រព្យ វិស័យសំណង ជាដើម ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជា ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបាននិងកំពុងដោះស្រាយនូវបញ្ហាដែលកើតឡើងក្នុងវិស័យដីធ្លី នាពេលបច្ចុប្បន្ន ដោយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយបានជាអតិបរមានូវបញ្ហា ដែលមានចរិតជាភូមិសាស្ត្រសន្តិសុខនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលអាចកើតចេញពីវិវាទដីធ្លី វិវាទបុរី បញ្ហានៅតំបន់បឹងទន្លេសាប និងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរជាដើម។
សម្ដេចធិបតី បន្ថែមថា កិច្ចការនេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាចម្រូងចម្រាស ក្នុងសង្គមកម្ពុជា និងឆ្លើយតបបានទៅនឹងស្ថានភាពរបស់ប្រជាជនយើង ស្របតាមទស្សនាទាន “ការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសមិនមានវិវាទដីធ្លីនៅកម្ពុជា”។
ជាមួយគ្នានោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគាំទ្រចំពោះឯកឧត្តមរដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី ដែលបានដាក់ចេញនូវសមរភូមិការងារចំនួន៥ លើការងាររបស់ខ្លួន ខណៈចាប់ពីដើមអាណត្តិទី៧នេះក្រសួងបានសម្រេចបានសមិទ្ធផលជាច្រើនជាពិសេសលើការងារដោះស្រាយវិវាទដីធ្លី បញ្ហានៅតាមបុរី និងការចុះបញ្ជីធ្លីនៅក្នុងប្រទេសកម្ពុជា ៕