សម្ដេចធិបតី៖ មានគណបក្សមួយចំនួន ធ្លាប់ឃោសនាថា បើសិនជាគេឈ្នះឆ្នោត គេនឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញជូនពលរដ្ឋ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា មានគណបក្សមួយចំនួន ធ្លាប់បានឃោសនាថា បើសិនជាគេឈ្នះឆ្នោត នោះគេនឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញជូនប្រជាពលរដ្ឋ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឃោសនារបស់គណបក្សមួយចំនួនពីការផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញ គឺជាការឃោសនាអកុសល និងមិនមែនជាការពិតនោះឡើយ។ ព្រោះបើគេធ្វើបែបនោះមែន ប្រទេសជាតិច្បាស់ជាកើតមានសង្រ្គាមម្តងទៀតជាមិនខាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លីខ្លះ មានបញ្ហានយោបាយនៅពីខាងក្រោយ ព្រោះមានការញុះញង់ពីក្រុមដែលមានចេតនាទុច្ចរិត ហើយរាជរដ្ឋាភិបាល នឹងខិតខំដោះស្រាយបញ្ហាដីធ្លីនេះដោយស្មារតីយោគយល់សម្របសម្រួល ដោយមិនរង់ចាំអង្គុយបក់ផ្សែងនោះឡើយ៕