នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋ គ្រោងចំណាយប្រមាណ ១០០លានដុល្លារ ហើយរំពឹងបញ្ចប់នៅក្នុងអាណត្តិនេះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរៀបចំដែនដី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំពឹងថាការវាស់វែងកំណត់ព្រំក្បាលដីជូនប្រជាពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨នេះ គឺបន្ទាប់ពីការដោះស្រាយវិវាទដីធ្លី ដែលមានជិត ១ម៉ឺន ៦ពាន់ករណី បច្ចុប្បន្ននេះបានដោះស្រាយនៅសល់ប្រមាណ តែ ១ពាន់ករណីទៀតតែប៉ុណ្ណោះ។ ហើយការដោះស្រាយបញ្ហាដីធ្លីនេះដែរ គឺឈរលើស្មារតីយោគយល់ និងដោយសន្តិវិធី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីបញ្ចប់វិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ត្រូវតែវាស់វែងកំណត់ព្រំក្បាលដីរបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ដែលរដ្ឋាភិបាល គ្រោងចំណាយប្រមាណ ១០០លានដុល្លារ ហើយរំពឹងបញ្ចប់នៅក្នុងអាណត្តិនេះ។
ទន្ទឹមគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការវាស់វែងកំណត់ព្រំដី និងចេញប័ណ្ណជូនប្រជាពលរដ្ឋមិនត្រឹមបញ្ចប់ជម្លោះប៉ុណ្ណោះទេ តែក៏ក្លាយជាទ្រព្យរស់របស់ប្រជាពលរដ្ឋ និងជួយដល់ចរន្តសេដ្ឋកិច្ចផងដែរ ៕