រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ
ភ្នំពេញ៖ នៅថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមសំណេះសំណាលក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបានផ្តល់សាររំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៧៣២នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សំដែងការកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំកែលម្អគុណភាពសេវា និងបានណែនាំមន្រ្តីសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យតាមបណ្តារាជធានី-ខេត្ត ឱ្យពង្រឹងកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន និងខិតខំបន្ថែមទៀត ជាពិសេសផ្តោតការយកចិត្តទុកដាក់មើលថែដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ណ័មូលនិធិសមធម៌ ឬ ប័ណ្ណសមាជិក ប.ស.ស. ព្រមទាំងបងប្អូនក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសង្កត់ធ្ងន់ថា កិច្ចការក្នុងវិស័យសុខាភិបាលនឹងទទួលបានជោគជ័យដរាបណាអ្នកដឹកនាំគ្រប់ឋានុក្រមក្នុងវិស័យនេះ មានលក្ខណៈសម្បត្តិជាមេដឹកនាំដែលរឹងមាំ លះបង់ ច្បាស់លាល់ និងដើរតួរជាបង្អែកឱ្យបុគ្គលិកនិងក្រុមការងារ។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យ បានអនុញ្ញាតឱ្យមានបទបង្ហាញពីការដឹកនាំមន្ទីរសុខាភិបាលដែលធ្វើឡើងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។
ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមលើកយកចំនុចគន្លឹះមួយចំនួនមករំលេចបន្ថែមដូចជា៖ (១).ការរៀបចំពេលវេលាផ្តល់សេវានៅតាមគ្រឹះស្ថានសុខភាព, (២).ការគ្រប់គ្រងសេវាឯកជនឱ្យមានប្រសិទ្ធភាព និង (៣).ការលើកកម្ពស់ការតាំងចិត្តនិងភាពពេញចិត្តរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក្នុងការងារដោះស្រាយបញ្ហាដែលស្មុគ្រស្មាញនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ ៕