ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង
វ៉ាស៊ីនតោន៖ បើយោងតាមមនុស្ស២ នាក់ដែលដឹងពីបញ្ហានេះបានទម្លាយចេញថា ក្រុមការងាររបស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយសង្ឃឹមថា ការជំរុញការទូតថ្មីអាចកាត់បន្ថយហានិភ័យនៃជម្លោះប្រដាប់អាវុធ។
ប្រភពបានឱ្យដឹងថា ការពិភាក្សាគោលនយោបាយមានភាពរលូន ហើយមិនមានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងដោយប្រធានាធិបតីជាប់ឆ្នោតនោះទេ។ ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីឆ្នាំ ២០១៧ ដល់ ២០២១ លោក ត្រាំ បានជួបប្រជុំចំនួន៣ លើកជាមួយមេដឹកនាំកូរ៉េខាងជើងនៅប្រទេសសិង្ហបុរី វៀតណាម និងនៅព្រំដែនកូរ៉េ។ យ៉ាងណា ការទូតរបស់មេដឹកនាំទាំង ២ មិនទទួលបានលទ្ធផលជាក់ស្តែងទេ។ សហរដ្ឋអាម៉េរិកបានអំពាវនាវឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលលោក គីម ទាមទារឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មពេញលេញ បន្ទាប់មកបានចេញការគំរាមកំហែងថ្មី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនទាន់បានលើកឡើងជាសាធារណៈអំពីការជាប់បោះឆ្នោតសាជាថ្មីរបស់លោក ត្រាំ នៅឡើយទេ ហើយលោក គីម បាននិយាយនៅខែនេះថា សហរដ្ឋអាម៉េរិកកំពុងបង្កើនភាពតានតឹង និងការបង្កហេតុ ដែលបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។ កូរ៉េខាងជើងបានព្រងើយកន្តើយនឹងកិច្ចខិតខំប្រឹងប្រែងរយៈពេល ៤ ឆ្នាំដោយប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន ដើម្បីចាប់ផ្តើមកិច្ចចរចាដោយគ្មានលក្ខខណ្ឌជាមុនជាមួយលោក គីម ជុងអ៊ុន៕