ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា
ហ្កាហ្សា៖ មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បាននិយាយថា ហាម៉ាសត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា បានចូលជាធរមាននៅឯប្រទេសលីបង់ សម្រាប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ថ្លែងប្រាប់ AFP មន្រ្តីជាន់ខ្ពស់ក្រុមប៉ាឡេស្ទីន បាននិយាយថា ក្រុមហាម៉ាស បានជូនដំណឹងទៅកាន់ ក្រុមអ្នកសម្រុះសម្រួលនៅឯប្រទេសអេហ្ស៉ីប កាតា និងតួកគី ថាខ្លួនត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់បទឈប់បាញ់ និងកិច្ចព្រមព្រៀងប្រាកដប្រជាមួយ ដើម្បីដោះដូរអ្នកទោស និងចំណាប់ខ្មាំង ប៉ុន្តែមន្រ្តីរូបនោះបានចោទប្រកាន់ថា អ៉ីស្រាអែល គឺជាអ្នកដែលរារាំងមិនឱ្យអាចសម្រេចបានកិច្ចព្រមព្រៀង។
ស្របពេលបទឈប់បាញ់ ត្រូវសម្រេចបាននៅលីបង់ មន្រ្តីអាមេរិក និងអ៉ីស្រាអែល បានបង្ហាញក្តីសង្ឃឹមថា ការបាត់បង់ការគាំទ្រផ្នែកយោធា ពីសំណាក់ក្រុមហេសបូឡា នឹងអាចជួយជំរុញក្រុមហាម៉ាស ឱ្យប្រឹងប្រែងចរចារកសន្តិភាព សម្រាប់សង្រ្គាមហ្កាហ្សា។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានអះអាងថា ខ្លួនចង់បានបទឈប់បាញ់ ប៉ុន្តែបើតាមអ៉ីស្រាអែល គឺហាម៉ាសបន្តមិនព្រមទទួលយក ការទាមទាររបស់អ៉ីស្រាអែល ជុំវិញការដោះលែងចំណាប់ខ្មាំង។ ដោយឡែក ក្រុមអ្នកជួយសម្រុះសម្រួលអន្តរជាតិ បាននិយាយថា ការទាមទាររបស់អ៉ីស្រាអែល ដែលចង់រក្សាទុកកងទ័ពនៅហ្កាហ្សា ក៏ជាឧបសគ្គចម្បងមួយផងដែរ ហើយបានទម្លាក់កំហុសលើភាគីទាំងពីរតែម្តង សម្រាប់ភាពជាប់គាំងនៃកិច្ចចរចា។
គួរបញ្ជាក់ថា បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមាន កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ ក្រោយមានការជួយសម្រុះសម្រួល ពីសហរដ្ឋអាមេរិក និងបារាំង។ ជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានផ្ទុះជាសង្រ្គាមពេញទំហឹង កាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីការបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែន រវាងភាគីទាំងពីរអស់រយៈពេលខ្ទង់១ឆ្នាំ។ ហេសបូឡា បានចាប់ផ្តើមបាញ់រ៉ុក្កែតលើអ៉ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាសប៉ាឡេស្ទីន ដែលស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា។
គិតចាប់តាំងពីខែតុលា ឆ្នាំមុន ជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានសម្លាប់មនុស្សយ៉ាងហោច ៣ ៧៦៩នាក់ នៅលីបង់ ប៉ុន្តែភាគច្រើននៃចំនួនអ្នកស្លាប់ទាំងនោះ គឺចាប់តាំងពីខែកញ្ញា ឆ្នាំនេះ។ ដោយឡែក សម្រាប់សង្រ្គាមនៅហ្កាហ្សាវិញ គឺគិតតាំងពីខែតុលា ឆ្នាំ២០២៣ បានបង្កឱ្យមានមនុស្សបាត់បង់ជីវិត លើស ៤៤ ០០០នាក់ នៅទីនោះ៕