ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក
បរទេស៖ កោះតៃវ៉ាន់ និងក្រុមមន្រ្តីសន្តិសុខក្នុងតំបន់ បានវាយតម្លៃថា ចិនទំនងជានឹងធ្វើសមយុទ្ធយោធា ក្នុងពេលប៉ុន្មានថ្ងៃទៀត នៅក្បែរដែនកោះនេះ ដើម្បីឆ្លើយតបគម្រោងធ្វើទស្សនកិច្ចរបស់ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ទៅកាន់តំបន់ប៉ាស៉ីហ្វិក ដែលរួមមានការឆ្លៀតឈប់សំចត នៅទឹកដីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក Lai Ching-te នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសដែនកោះចំនួន៣ នៅប៉ាស៉ីហ្វិក ដែលជាសម្ព័ន្ធមិត្តការទូតរបស់ខ្លួន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ហើយបើតាមប្រភពដែល Reuters ទទួលបាន រូបលោកក៏មានផែនការ ឆ្លៀតឈប់សំចតនៅកោះហាវ៉ៃ ឬមួយក៏កោះហ្កាំ របស់សហរដ្ឋអាមេរិក ផងដែរ។
យោងតាមការវាយតម្លៃ របស់មន្រ្តីសន្តិសុខតៃវ៉ាន់ ព្រមទាំងមន្រ្តីសន្តិសុខក្នុងតំបន់ ទីក្រុងប៉េកាំង អាចនឹងបើកការធ្វើសមយុទ្ធយោធា នៅអំឡុងឬក្រោយ ដំណើរទស្សនកិច្ចរបស់លោក Lai Ching-te ដែលនឹងបញ្ចប់ទៅវិញ នៅថ្ងៃទី៦ ខែធ្នូ។
គួរបញ្ជាក់ថា ក្នុងឆ្នាំនេះ ចិនធ្លាប់បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ២លើករួចមកហើយ នៅក្បែរកោះតៃវ៉ាន់ ក្នុងនោះ១លើក កាលពីខែឧសភា និង១លើកទៀតកាលពីខែតុលា ហៅថា សមយុទ្ធ Joint Sword 2024A និង Joint Sword 2024B។ ការធ្វើសមយុទ្ធយោធារបស់ចិន ឆ្លើយតបការដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់បែបនេះ គឺមិនមែនជារឿងដែលពុំធ្លាប់មានពីមុនមកនោះទេ។
ចិនបានធ្វើបែបនោះ កាលពីខែសីហា ឆ្នាំមុន នៅពេលលោក Lai Ching-te ដែលកាលនោះ មានឋានៈជាមេដឹកនាំរងរបស់តៃវ៉ាន់ បានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ហើយទីក្រុងប៉េកាំងក៏បានធ្វើសមយុទ្ធយោធាផងដែរ កាលពីខែមេសា ឆ្នាំដដែល ពេលលោកស្រី Tsai Ing-wen ដែលកាលនោះ ជាមេដឹកនាំតៃវ៉ាន់ បានវិលត្រឡប់មកពីរដ្ឋ California។