មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ចូលរួមមហាសន្និបាតលើកទី២ នៃអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង (OSC)
អេត្យូពី៖ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត បានអញ្ជើញចូលរួមមហាសន្និបាតលើកទី២ នៃអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង (OSC) ដែលប្រព្រឹត្តទៅពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អមដំណើរដោយឯកឧត្តមបណ្ឌិត ឌី សមស៊ីឌេត អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពីមួយជីវិត។
សម័យប្រជុំសាមញ្ញលើកទី២ នៃមហាសន្និបាតអង្គការកិច្ចសហប្រតិបត្តិការភាគខាងត្បូង (OSC) បានប្រមូលផ្តុំរដ្ឋជាសមាជិក និងសមាជិកសហការី ដើម្បីបូកសរុបសកម្មភាពការងាររបស់ខ្លួន ក្នុងឆ្នាំ ២០២៣-២០២៤ និងលើកទិសដៅផែនការសម្រាប់ឆ្នាំ ២០២៥-២០២៦ ។ អង្គការ OSC ជាអង្គការអន្តររដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកបញ្ញា បច្ចេកទេស និងហិរញ្ញវត្ថុក្នុងចំណោមសមាជិករបស់ខ្លួន។ នាសម័យសម័យប្រជុំសាមញ្ញលើកទី២ នៃមហាសន្និបាត អគ្គលេខាធិការ OSC ឯកឧត្តម Manssour Bin Mussallam បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការអប់រំក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយបានគូសបញ្ជាក់ពីសមិទ្ធិផលរបស់ OSC ដូចជាការធានាបានអាហារូបករណ៍ចំនួន៤០០ កន្លែង សម្រាប់និស្សិតមកពីរដ្ឋជាសមាជិក ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព។
សន្និបាតនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ OSC ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សមាហរណកម្មក្នុងតំបន់ និងការផ្លាស់ប្តូរការអនុវត្ត និងធនធានដ៏ល្អបំផុតឆ្ពោះទៅរកការជំរុញការផ្លាស់ប្តូរ “វិធីទីបីនៃការអភិវឌ្ឍន៍” ។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់អង្គការសម្រាប់វិធីសាស្រ្តសហការ និងរួមបញ្ចូលគ្នាក្នុងការអភិវឌ្ឍន៍។
ឯកឧត្តមរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតខាងលើ។
ថ្លែងក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា “កម្ពុជាប្រាថ្នាចង់ភ្ជាប់អង្គការនៃកិច្ចសហប្រតិបត្តិការភាគខាងត្បូង (OSC) ជាមួយបណ្តាប្រទេសអាស៊ីនៅគ្រប់កម្រិតនៃការអប់រំ ទន្ទឹមនឹងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ចក្ខុវិស័យនេះ គឺដើម្បីស្វែងរកការបង្កើតសង្គមដែលផ្តល់ចំណេះដឹងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។”