ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៥០នាក់
ភ្នំពេញ៖ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃថ្នាក់សាខាខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន១៥០នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២៤ ក្រោមប្រធានបទ “សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តរកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ បើទោះបីជាសម្តេចមិនបានអញ្ជើញមកដោយផ្ទាល់តែសម្តេចតែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម សុខ លូ បានថ្លែងបញ្ជាក់ថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្នុងពេលនេះគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជាជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពមិនរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងការលើកកម្ពស់សិទ្ធិរស់នៅស្មើមុខស្មើមាត់ជាមួយប្រជាពលរដ្ឋទូទៅក្នុងសង្គមជាតិ និងជាការបង្ហាញពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបានមួយឆ្នាំកន្លងមកក្នុងការឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមជាពហុវិស័យជាមួយ កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិ ស្ថាប័នរដ្ឋ-ឯកជន សប្បុរសជន និងដៃគូគ្រប់មជ្ឈដ្ឋាន ដើម្បីយើងទាំងអស់គ្នាឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា។
ឯកឧត្តម សុខ លូ ថ្លែងបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយសូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិត ឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯង និងអ្នកដទៃ។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង១៥០នាក់ ក្នុងម្នាក់ៗទទួលបានអំណោយ៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកសុទ្ធវីឃែរ ១កេស, ភួយ១, សារុង១, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា ចំនួន ៤ម៉ឺនរៀល៕