រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ នៅស្រុកមេមត់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីនេះ ផងដែរ មានការចូលរួមពី សំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមឯកអគ្គរដ្ឋទូត សហភាពអុឺរ៉ុប ឆេក និងអាល្លឺម៉ង់ ព្រមទាំងបណ្តាវិស័យឯកជន ទទួលទិញម្រេច សម្រាប់ការកែច្នៃ បានអញ្ជេីញចុះទស្សនកិច្ចពីដំណេីរការដាំដុះដំណាំម្រេច ការប្រមូលផល និងការដាំដុះនូវដំណាំគំរបដី ដែលមានសារៈប្រយោជន៍សម្រាប់ដំណាំម្រេច។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍កសិកម្មទំនេីបបង្កេីនការយកចិត្តទុកដាក់បន្ថែមទៀតនូវទំនេីបកម្មនៃសមាជិកសហគមន៍ ដោយធ្វេីការរួមគ្នា ផលិតរួមគ្នា ធ្វេីតាមស្តង់ដាត្រឹមត្រូវ ប្រការសំខាន់ត្រូវមានភាពស្មោះត្រង់ មានវិន័យល្អ ផលិតទៅតាមតម្រូវការទីផ្សារ និងអនុវត្តកិច្ចសន្យាផលិតកម្ម ឱ្យមានប្រសិទ្ធភាព។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងពីគោលនយោបាយអាទិភាពវិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានធ្វេីយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រេី មានបាន និងមានរហូត ។
ទនឹ្ទមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី លេីកទឹកចិត្តសហគមន៍ខិតខំប្រឹងប្រែង បន្ត និងប្តេជ្ញាចិត្តក្នុងការអនុវត្តកសិកម្មល្អ ផលិតកសិផលមានគុណភាពល្អ លក់បានថ្លៃ និងជំរុញម្រេចមេមត់នេះឱ្យក្លាយជាទំនិញសំគាល់ភូមិសាស្រ្ត ហេីយក្រសួងនឹងជួយគាំទ្រនូវការរៀបចំ និងការគិតគូរជាលក្ខណៈសេដ្ឋកិច្ចឱ្យមាននិរន្តរភាព។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍទាំងអស់ ដែលបានជួយដល់ការងារវិស័យកសិកម្ម ជាពិសេសដំណាំម្រេច ស្វាយចន្ទី ដែលជាដំណាំអាទិភាពរបស់រាជរដ្ឋាភិបាល និងវិស័យឯកជននានាក្នុងការចូលរួមទទួលទិញ ដេីម្បីកសិករមានទីផ្សារ ទទួលបានភាពជោគជ័យ និងដេីរទៅមុខបានវែងឆ្ងាយ៕