មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការបង្ហោះវីដេអូ ការប្រើអំពើហឹង្សាលើសាមណេរ នៅវត្តក្បាលបឹងសេះ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ
ភ្នំពេញ៖ មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានចេញសេចក្ដីបំភ្លឺព័ត៌មានថា ដោយមានការបង្ហោះព័ត៌មានក្នុងបណ្តាញសង្គម Facebook ដែលមានម្ចាស់គណនី ឈ្មោះ ឌីជេខេអេច បានធ្វើការបង្ហោះវីដេអូ អំពីសកម្មភាពភិក្ខុ យាន ធាវី ដែលប្រើអំពើហឹង្សាលើសាមណេរ ប៉ាវ សីហា នៅពេលាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងវត្តគិរីទក្ខិណារាម(ហៅវត្តក្បាលបឹងសេះ) ស្ថិតនៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្រោយពីបានទទួលមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានសហការជាមួយ ព្រះមន្ត្រីសង្ឃសាលា អនុគណស្រុកត្បូងឃ្មុំ បានចុះស្រាវជ្រាវនិងស៊ើបអង្កេត និងយោងតាមការបំភ្លឺពីភិក្ខុព្រះនាម ស៊ុម ភក្តី ជាព្រះគ្រូ ចៅអធិការវត្ត និងភិក្ខុ យាន ធាវី ដែលប្រើហឹង្សាលើសាមណេរ ប៉ាវ សីហា រួចមក។
មន្ទីរធម្មការនិងសាសនា ខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺដល់អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់មេត្តាជ្រាថា៖
១. សង្ឃដីការបស់ភិក្ខុព្រះនាម ស៊ុម ភក្តី ជាព្រះចៅអធិការវត្ត បានបញ្ជាក់ថា៖ ភិក្ខុ យាន ធាវី ពិតជាបានវាយសាមណេរ ប៉ាវ សីហា ពិតប្រាដកមែន។ ប៉ុន្តែកាវាយនេះគឺ ចង់អប់រំទូន្មានតែប៉ុណ្ណោះមិនបង្ករ អ្វីធ្ងន់ធ្ងរឡើយ ដូច្នេះអាត្មាភាព ស្នើសុំបិណ្ឌបាត ដល់ម្ចាស់គណនី Facebook ឈ្មោះ ឌីជេខេអេច និងញាតិញោមអ្នកសារព័ត៌មាន ព្រមទាំងសាធារណជន សូមមេត្តា លុបវីដេអូចេញពីគណនី និងសូមបញ្ឈប់ធ្វើការ Posts Share Comments បន្តទៀត។
២. ភិក្ខុ យាន ធាវី បានធ្វើការបំភ្លឺចំពោះសកម្មភាពរបស់ព្រះអង្គ ដែលប្រើអំពើហឹង្សា និងពាក្យពេចន៍ មិនសមរម្យ ទៅលើសាមណេរ ប៉ាវ សីហា ដោយមានបំណងចង់អប់រំទូន្មានតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ អាត្មាភាព សូមធ្វើការសុំអភ័យទោស និងសុំទោស ដល់ព្រះមន្ត្រីសង្ឃ ព្រមទាំងញាតិញោមសាធារណជនទាំងអស់ ហើយអាត្មាភាព សូមសន្យាថាចាប់ពីថ្ងៃនេះតទៅ អាត្មាភាព ឈប់អប់រំភិក្ខុសាមណេរតាមរយៈការធ្វើអំពើហឹង្សា ទៀតហើយ។ ចំពោះបណ្តាញសង្គមខ្លះ បានComments ថាអាត្មាភាព ឆាន់ស្រាហើយទៅវាយលោកនោះ មិនពិតប្រាដកនោះទេ បើមានករណីនេះមែន អាត្មាភាព សូមទទួលខុសត្រូវចំពោះច្បាប់។
៣. សង្ឃដីការបស់សាមណេរ ប៉ាវ សីហា បានបញ្ជាក់ថា៖ ក្នុងករណីនេះ អាត្មាភាព ក៏មានចំណុច ខុសឆ្គងផងដែរ។ ដូច្នេះ អាត្មាភាព សូមបញ្ចប់រឿងត្រឹមនេះ និងមិនមានការប្តឹង ឬទាមទារសំណងអ្វីឡើយ។
៤. ចំពោះករណីខាងលើនេះ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចុះស្រាវជ្រាវ និងពិនិត្យរបួសស្នាម ព្រមទាំងបានពិនិត្យទឹកនោមរកសារធាតុញៀន ក្រែងករណីហឹង្សានេះ បង្ករឡើងដោយសារភិក្ខុ យាន ធាវី ប្រើប្រាស់សារធាតុញៀន ប៉ុន្តែជាលទ្ធផល នៃការធ្វើតេស្ត ភិក្ខុ យាន ធាវី ពុំមានផ្ទុកសារធាតុញៀននោះឡើយ៕