ចិនបញ្ជូនទ័ពទៅ ល្បាត ជុំវិញ តំបន់មាន ជម្លោះជាមួយហ្វីលីពីន នៅ សមុទ្រ ចិន ខាង ត្បូង
ប៉េកាំង៖ កងទ័ពចិននៅថ្ងៃព្រហស្បតិ៍ទី២៨ ខែវិច្ឆិកា បានប្រកាសពីការល្បាតតាមផ្លូវអាកាស និងសមុទ្ទជុំវិញតំបន់ថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង ដើម្បីការពារយ៉ាងម៉ឺងម៉ាត់លើអធិបតេយ្យភាពជាតិរបស់ខ្លួន។
បញ្ជាការមហោស្រពភាគខាងត្បូងរបស់យោធាចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតត្រៀមប្រយុទ្ធ គឺដើម្បីពង្រឹង ការប្រុងប្រយ័ត្ននៅក្នុងសមុទ្ទ និងលម្ហអាកាសជុំវិញតំបន់ហ័ងយ៉ា នតៅ Huangyan Dao (ហ្វីលីពីនហៅថា Scarborough Shoal)។
សេចក្តីថ្លែងការណ៍បន្ថែមថា៖«ចិនបានរៀបចំកងកម្លាំងទ័ពអាកាស និងជើងទឹកសម្រាប់ការល្បាតនេះនៃតាំងពីដើមខែវិច្ឆិកា ដើម្បីពង្រឹងបន្ថែមទៀតនូវការគ្រប់គ្រងរបស់យើងលើដែនសមុទ្ទ និងដែនអាកាសដែលពាក់ព័ន្ធ»។ ឆ្មាំឆ្នេរសមុទ្ទរបស់ប្រទេសចិន បានប្តេជ្ញាថា នឹងបន្តពង្រឹងការល្បាត និងការអនុវត្តច្បាប់នៅក្នុងដែនសមុទ្ទនៃតំបន់ Scarborough Shoal និងដែនទឹកដែលពាក់ព័ន្ធ។
តំបន់ Scarborough Shoal រាងត្រីកោណនៃថ្មប៉ប្រះទឹក និងថ្មស្ថិតនៅចម្ងាយ២៤០គីឡូម៉ែត្រពីភាគខាងលិចនៃកោះ Luzon របស់ប្រទេសហ្វីលីពីន និងជិត៩០០គីឡូម៉ែត្រពីខេត្តហៃណានរបស់ចិន។ នាវាហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាជាញឹកញាប់កាលពីឆ្នាំមុន បណ្តាលឱ្យមានអ្នករបួស និងការខូចខាតទ្រព្យសម្បត្តិ។
ភាពតានតឹងបានកើនឡើងនៅក្នុងខែវិច្ឆិកា នៅពេលដែលប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ចុះហត្ថលេខាលើច្បាប់ចំនួន២ ដែលកំណត់ដែនទឹកសមុទ្ទរបស់ប្រទេស និងការដាក់ផ្លូវកំណត់សម្រាប់នាវាបរទេស។ នោះ បាន ជំរុញ ឱ្យ មាន ការ ច្រាន ចោល យ៉ាង ខ្លាំង ដោយ ប្រទេស ចិន ដោយ បាន កោះហៅ បេសកជនហ្វីលីពីនមកសួរនាំ។
ភាពតានតឹងបានកើនឡើងម្ដងទៀតនៅដើមខែនេះ នៅពេលសហរដ្ឋអាម៉េរិក និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដែលអនុញ្ញាតឱ្យភាគីទាំង២ ចែករំលែកព័ត៌មានសម្ងាត់។ កាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្លើយតបទៅនឹងសំណួរស្តីពីកិច្ចព្រមព្រៀងសន្តិសុខ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ ឈៀន (Wu Qian) បាននិយាយថា៖«ការបង្កើតកិច្ចព្រមព្រៀង..នឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់»។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖«យើងនឹង..បន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីប្រឆាំងការរំលោភបំពាន និងការបង្កហេតុ ព្រមទាំងការពារយ៉ាងរឹងមាំនូវសន្តិភាព និងស្ថិរភាពនៅសមុទ្ទចិនខាងត្បូង»៕