ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី “លទ្ធផលអង្កេតនវានុវត្តន៍រាជធានី ខេត្ត នៅកម្ពុជា ឆ្នាំ២០២២”
ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី “លទ្ធផលអង្កេតនវានុវត្តន៍រាជធានី ខេត្ត នៅកម្ពុជា ឆ្នាំ២០២២”។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរផែនការពាក់ព័ន្ធ និងឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីបណ្តាក្រសួង ស្ថាប័ន និងវិស័យឯកជន។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ទ្រី ឫទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានស្ថិតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ដែលបានខិតខំធ្វើអង្កេតនវានុវត្តន៍នេះឡើង ចាប់តាំងពីឆ្នាំ២០២២ រហូតមក គឺបានចំនួន៣ លើក នៅឆ្នាំ២០២២, ២០២៣ និង ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ផ្អែកតាមទិន្នន័យនៃលទ្ធផលអង្កេតនវានុវត្តន៍នេះ យើងសង្កេតឃើញថា នៅរាជធានីភ្នំពេញ គ្រឹះស្ថានមាននវានុវត្តន៍ មានភាគរយច្រើនជាងគេ បន្ទាប់មកខេត្តព្រះសីហនុ និងខេត្តសៀមរាប។ នវានុវត្តន៍ កើតចេញមកពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្សារភ្ជាប់ជាមួយនឹងទំនើបកម្មលើគ្រប់វិស័យ ដែលធ្វើឱ្យមានលទ្ធភាពបង្កើតថ្មី ផ្តល់ភាពងាយស្រួលក្នុងការសម្រេចការងារបានលឿនជាងមុន មានប្រសិទ្ធភាពប្រសើរជាងមុន និងបង្កើតតម្លៃបន្ថែមខ្ពស់ជាងមុន។ ក្នុងន័យនេះ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ត្រូវមានទិន្នន័យតួលេខឱ្យបានច្បាស់លាស់ ត្រឹមត្រូវ មានភាពជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទិន្នន័យ ផ្អែកតាមបរិបទតំបន់ និងសកលលោក ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានកំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេស គឺបច្ចេកវិទ្យា នវានុវត្តន៍ឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងបរិវត្តកម្មឌីជីថល ដែលនឹងនាំមកនូវបច្ចេកវិទ្យាកាន់តែទំនើប សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវជំនឿជឿជាក់ថា ទិន្នន័យនវានុវត្តន៍ គឺពិតជានឹងជួយដល់ការអភិវឌ្ឍ និងការរៀបចំគោលនយោបាយពាក់ព័ន្ធនានាដោយផ្អែកលើភស្តុតាងទិន្នន័យ សំដៅលើកកម្ពស់វិស័យជាអាទិភាពជាតិនានា និងរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្នុងបុព្វហេតុសុខុមាលភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ការពារបរិស្ថាន និងលើកកម្ពស់គុណភាពជីវិត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា សិក្ខាសាលាមានរយៈពេលពីរថ្ងៃនេះ នឹងក្លាយជាវេទិកាដ៏មានសារៈប្រយោជន៍មួយ សម្រាប់ផ្តល់ជាមូលដ្ឋានគ្រឹះនៃចំណេះដឹង និងចំណេះធ្វើពាក់ព័ន្ធនឹងខ្លឹមសារ ក៏ដូចជាទិសដៅ នៃការងារជំរុញ និងសម្របសម្រួល សំដៅគាំទ្រដល់សកម្មភាពនានារបស់គ្រឹះស្ថានមាននវានុវត្តន៍ ដើម្បីចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍តម្រង់ទិស និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានចំណេះ ជំនាញ និងពុទ្ធិ ពិតប្រាកដ ក្នុងការលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន ក៏ដូចរួមចំណែកអភិវឌ្ឍជាតិមាតុភូមិ។
គួររំលឹកថា នៅឆ្នាំ២០២២ អង្កេតនវានុវត្តន៍ ត្រូវបានធ្វើឡើងជាលើកដំបូងនៅកម្ពុជា ដែលបានរៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ និងបានជ្រើសរើសរាជធានីខេត្ត ចំនួន៣ សម្រាប់ការធ្វើអង្កេតនេះ គឺ៖ (១).រាជធានីភ្នំពេញ, (២).ខេត្តសៀមរាប និង(៣).ខេត្តព្រះសីហនុ ដែលជារាជធានីខេត្តមានសក្ដានុពលខ្លាំង។ សម្រាប់ការអង្កេតនៅរាជធានីខេត្តទាំង៣ខាងលើ បានផ្តោតលើវិស័យសំខាន់ៗចំនួន២ គឺ វិស័យកម្មន្តសាល និងវិស័យសេវាកម្ម។ ជាលទ្ធផលផ្អែកតាមសំណាកគំរូដែលជ្រើសចេញពីរាជធានីខេត្តទាំង៣ គ្រឹះស្ថានមាននវានុវត្តន៍ ត្រូវបានរកឃើញថា មានចំនួន២០,៦% និងមិនមាននវានុវត្តន៍ មានចំនួន៧៩,៤% ដែលក្នុងនោះ សម្រាប់វិស័យកម្មន្តសាល មាន២២,៦% និងវិស័យសេវាកម្ម មាន១៩,៣% ជាគ្រឹះស្ថានមាននវានុវត្តន៍ ក្នុងឆ្នាំ២០២២។ ផ្អែកតាមរបាយការណ៍នេះផងដែរ គ្រឹះស្ថាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ មានអត្រានវានុវត្តន៍ ២៧,១%, ១៤,៣% និង ១៩,០% រៀងគ្នា ដែលក្នុងនោះរាជធានីភ្នំពេញ មានគ្រឹះស្ថានមាននវានុវត្តន៍ច្រើនជាងគេ។ គួរបន្ថែមថា ការធ្វើអង្កេតនេះ មានគោលបំណង ដើម្បីប្រមូលទិន្នន័យ ចងក្រង និងផ្សព្វផ្សាយព័ត៌មានអំពីនវានុវត្តន៍ នៃផលិតផល វិធីសាស្ត្រ រចនាសម្ព័ន្ធ និងទីផ្សារ រួមទាំងការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងរយៈពេល៣ឆ្នាំ (២០១៩-២០២១)។ របាយការណ៍លទ្ធផលអង្កេតនេះ នឹងជួយដល់រាជរដ្ឋាភិបាល និងស្ថាប័នដទៃទៀត ក្នុងការលើកកម្ពស់ការយល់ដឹងអំពីនវានុវត្តន៍នៃគ្រឹះស្ថានធុរកិច្ចនៅកម្ពុជា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងឌីជីថលភាវូបនីយកម្ម ផ្តល់នូវកាលានុវត្តភាពថ្មីក្នុងការបង្កើតមុខរបរ និងធុរកិច្ចថ្មីៗជាច្រើនបន្ថែមទៀត ព្រមទាំងជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថលនៅកម្ពុជា ដែលការណ៍នេះ នឹងរួមចំណែកដល់ការកសាងម៉ូដែលថ្មី នៃកំណើន ដោយផ្អែកលើជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍ ៕