អង្គការ MAG ប្តេជ្ញាបន្តកិច្ចប្រតិបត្តិការ សកម្មភាពមីនជាមួយកម្ពុជា ស្របតាមគោលដៅកំណត់ថ្មី «កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»
ភ្នំពេញ៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អនុញ្ញាតឱ្យលោក Darren Cormack នាយកប្រតិបត្តិនៃអង្គការ MAG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះ លោក Darren Cormack ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានថ្លែងអំណរចំពោះការរួមចំណែករបស់អង្គការ MAG សម្រាប់សកម្មភាពមីននៅកម្ពុជា ថ្នាក់តំបន់ និងពិភពលោក។ វឌ្ឍនភាពសម្រេចបាននៃការអនុវត្តអនុសញ្ញាអូតាវ៉ារយៈពេល ២៥ឆ្នាំ បានមកពីការរួមចំណែកជាផ្នែកមួយរបស់អង្គការ MAG ផងដែរ។
លោក Darren Cormack បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាសម្រាប់ការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ហើយបានបញ្ជាក់ទៀតថា អង្គការ MAG ប្តេជ្ញានឹងបន្តកិច្ចប្រតិបត្តិការសកម្មភាពមីនជាមួយកម្ពុជា ស្របតាមគោលដៅកំណត់ថ្មី កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។