ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតផ្តល់អាហាររូបករណ៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឆ្នាំសិក្សា២០២៤-២០២៥
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០ ២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិងចាប់ឆ្នោតអាហារូបករណ៍ឆ្នាំសិក្សា២០២៤ ដែលមានអ្នកចូលរួមប្រមាណ ៣៥០នាក់។
នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល លោកគ្រូ អ្នកគ្រូ និងសិស្សានិសិស្ស ព្រមទាំងមន្រ្តីរាជការមួយចំនួនផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ស្វាគមន៍ ចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស និងមន្ត្រីគណបក្សស្រុក ដែលបានចូលរួមក្នុងការចាប់ឆ្នោតអាហាររូបករណ៍បរិញ្ញាបត្របរិញ្ញាបត្ររងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុក ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ ជូនដល់ក្មួយៗទៅតាមសាកលវិទ្យាល័យនិងបណ្តាវិទ្យាស្ថាននានាដែលបានផ្តល់អាហារូបករណ៍ជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តនឹងជំរុញឲ្យក្មួយៗ និងប្អូនៗទាំងអស់ ដែលបានជាប់អាហាររូបករណ៍រួចហើយនោះត្រូវខិតខំសិក្សារៀនសូត្រកុំបោះបង់ការសិក្សាចោល ដោយត្រូវខិតខំស្រាវជ្រាវលើមុខវិជ្ជា និងអានសៀវភៅឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង អភិវឌ្ឍន៍ខ្លួនក្លាយជាមូលធនមនុស្សដ៏ល្អ និងខ្លាំងពូកែសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។
កន្លងទៅស្រុកខ្សាច់កណ្តាលបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់លើការចង្អុលបង្ហាញពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រួមជាមួយសហការី ឈរលើឆន្ទៈមុតស្រួចឆ្ពោះទៅអភិវឌ្ឍន៍ភូមិ-ឃុំលើគ្រប់វិស័យ។
សម្រាប់ សិស្សដែលបានចូលរួមចាប់ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសរុបមានចំនួន ២២៧នាក់ ក្នុងនោះសិស្សនិទ្ទេស A ចំនួន ៤នាក់ ទទួលបានអាហាររូបករណ៍ដោយស្វ័យប្រវត្តិ ដោយមិនឱ្យចាប់ឆ្នោតនោះឡើយ។ អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រដែលបានបែងចែងជូនស្រុកខ្សាច់កណ្តាលឆ្នាំ២០២៤នេះមានចំនួន ៧១កន្លែង ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាមួយចំនួនផងដែរ ៕