ប្រទេសអូស្ត្រាលី ជាប្រទេសដំបូងលើពិភពលោក អនុម័នច្បាប់ហាមប្រាមកុមារអាយុក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម
បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាជនអូស្ត្រាលី បានប្រតិកម្មនឹងភាពច្របូកច្របល់មួយចំនួនចំពោះបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារអាយុក្រោម១៦ឆ្នាំ ដែលរដ្ឋាភិបាលនិយាយថាឈានមុខគេលើពិភពលោក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា TikTok ប្រកែកថា បម្រាមនេះអាចរុញមនុស្សវ័យក្មេងទៅកាន់ «ជ្រុងងងឹតនៃអ៊ីនធឺណិត»។
អូស្ត្រាលី បានអនុម័តច្បាប់ ស្តីពីការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារក្រោមអាយុ១៦ឆ្នាំនេះ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីការជជែកដេញដោលគ្នាពីភាគីចម្រុះជាច្រើន ដោយកំណត់ជាគោលការណ៍សម្រាប់យុត្តាធិការជុំវិញពិភពលោក ជាមួយនឹងបទប្បញ្ញត្តិដ៏តឹងតែងបំផុតមួយដែលផ្តោតលើក្រុមហ៊ុន Big Tech ។ ច្បាប់នេះបង្ខំឱ្យកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្យដូចជា Instagram និង Facebook របស់ក្រុមហ៊ុន Meta, កម្មវិធី TikTok និង បណ្តាញសង្គមផ្សេងទៀត បញ្ឈប់អនីតិជនពីការចូលប្រើប្រាស់ បើមិនដូច្នេះទេនឹងត្រូវផាកពិន័យរហូតដល់ ៤៩.៥ លានដុល្លារអូស្ត្រាលី (ស្ទង់ ៣២លានដុល្លារអាមេរិក)។ ការសាកល្បងនៃវិធីសាស្រ្តអនុវត្តច្បាប់នេះ នឹងចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៥ ជាមួយនឹងការហាមឃាត់នឹងចូលជាធរមានក្នុងរយៈពេលមួយឆ្នាំ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយនៅថ្ងៃសុក្រនេះថា «វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមឥឡូវនេះមានទំនួលខុសត្រូវសង្គម ដើម្បីធានាសុវត្ថិភាពកុមាររបស់យើង គឺជាអាទិភាពសម្រាប់ពួកគេ»។
ការប្រកាសពីព័ត៌មានលម្អិតនៃការហាមប្រាមកាលពីដើមខែនេះ លោក Albanese បានលើកឡើងពីហានិភ័យចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេក ជាពិសេសហានិភ័យចំពោះក្មេងស្រីពីការបង្ហាញរូបភាពរាងកាយដែលបង្កគ្រោះថ្នាក់ និងខ្លឹមសារខុសឆ្គងដែលផ្តោតលើក្មេងប្រុស។
ច្បាប់នេះផងដែរ ត្រូវបានគេមើលឃើញថា នឹងរងផលប៉ះពាល់ដល់បណ្តាញសង្គមជាច្រើនរួមមាន Facebook របស់ក្រុមហ៊ុន Meta Platforms ដែលធ្លាប់បាននិយាយថា ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម គួរតែត្រូវបានពន្យារពេលរហូតដល់ការសាកល្បងការផ្ទៀងផ្ទាត់អាយុបានបញ្ចប់។ TikTok របស់ Bytedance បាននិយាយថា សេចក្តីព្រាងច្បាប់នេះ ត្រូវការការពិគ្រោះយោបល់បន្ថែមទៀត ខណៈដែល លោក Elon Musk ម្ចាស់បណ្តាញសង្គម X បាននិយាយថា ច្បាប់ដែលបានស្នើឡើង អាចប៉ះពាល់ដល់សិទ្ធរបស់កុមារ។
គួរជម្រាបថា ប្រទេសមួយចំនួនរួមទាំងប្រទេសបារាំង និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកបានអនុម័តច្បាប់ ដើម្បីរឹតបន្តឹងការចូលប្រើបណ្តាញសង្គមសម្រាប់អនីតិជនដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ ប៉ុន្តែការហាមប្រាមរបស់អូស្ត្រាលី គឺជាច្បាប់មួយដាច់ខាត បើទោះបីជាមានការយល់ព្រមពីអាណាព្យាបាល ក៏ក្មេងៗមិនអាចប្រើបានដែរ ដូច្នេះគេអាចនិយាយបានថា អូស្ត្រាលីជាប្រទេសដំបូងលើពិភពលោក ដែលអនុម័នច្បាប់មួយនេះមក៕