ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា ខាតបង់ប្រាក់ជិត ៥៥ពាន់លានដុល្លារ ពីផ្សារហ៊ុនក្រោយអាមេរិកចោទប្រកាន់ពីបទបោកប្រាស់
ញូវដែលី៖ បើយោងតាមកាសែត Channel News Asia ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនបានបាត់បង់តម្លៃទីផ្សារហ៊ុនរបស់ខ្លួនជិត ៥៥ពាន់លានដុល្លារចាប់តាំងពីរដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានចោទប្រកាន់ស្ថាបនិកនិងមន្ត្រីដទៃទៀត ពីរបស់ក្រុមហ៊ុនពីបទបោកប្រាស់កាលពីសប្តាហ៍មុន។
ដីកាចោទប្រកាន់ដ៏ភ្ញាក់ផ្អើលរបស់អាមេរិក កាលពីថ្ងៃទី២០ ខែវិច្ឆិកានៅទីក្រុងញូវយ៉ក បានចោទប្រកាន់មហាសេដ្ឋីលោក Gautam Adani ដែលជាស្ថាបនិករបស់ក្រុមហ៊ុន និងអ្នកក្រោមបង្គាប់ជាច្រើននាក់ ពីបទបំភាន់អ្នកវិនិយោគអន្តរជាតិ ដោយចេតនាដែលជាផ្នែកមួយនៃគម្រោងសូកប៉ាន់។
ដីកាចោទប្រកាន់នេះបានឱ្យដឹងថា ពួកគេបាន «រៀបចំគម្រោងមួយដើម្បីផ្តល់ជូន ផ្តល់សិទ្ធិអំណាច ផ្តល់សំណូក និងសន្យាផ្តល់សំណូកដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា»។
កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃពុធដោយក្រុមហ៊ុន Adani Group ថា ក្រុមហ៊ុនដែលបដិសេធការចោទប្រកាន់នេះបានឱ្យដឹងថា៖ «ចាប់តាំងពីការចោទប្រកាន់របស់ក្រសួងយុត្តិធម៌ របស់សហរដ្ឋអាមេរិកមក ក្រុមហ៊ុនបានទទួលរងការខាតបង់ជិត ៥៥ពាន់លានដុល្លារពីមូលធននីយកម្មទីផ្សាររបស់ខ្លួន នៅទូទាំងក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន ១១របស់ខ្លួន»។
លោក Gautam Adani អាយុ ៦២ឆ្នាំត្រូវបានគេសង្ស័យថា បានចូលរួមក្នុងគម្រោងសំណូលដែលមានទឹកប្រាក់ចំនួន ២៥០លានដុល្លារអាមេរិក ដើម្បីទទួលបានកិច្ចសន្យារដ្ឋាភិបាលដ៏កាក់កប។
ក្រុមហ៊ុន Adani Group បានបដិសេធយ៉ាងដាច់អហង្កាដោយពណ៌នា ការចោទប្រកាន់នេះថា «គ្មានមូលដ្ឋាន» ប៉ុន្តែការចោទប្រកាន់នេះបានបណ្តាលឱ្យមានការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Adani យ៉ាងច្រើននៅទីក្រុងបុមបៃកាលពីសប្តាហ៍មុន ដោយមានការផ្អាកការជួញដូរជាច្រើន៕