ឧត្តមសេនីយ៍ឯក មួង សុធា ដាក់នូវចេញគោលការណ៍ ១០ចំណុច ដើម្បីឲ្យការអនុវត្តជំនាញបានរឹងមាំ ល្អប្រសើរ ប្រសិទ្ធភាពបន្ថែមទៀត
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ, លោកឧត្តមសេនីយ៍ទោ អ៊ុក ណារិន អនុប្រធាននាយកដ្ឋាន និងជាប្រធានមន្ទីរពិសោធន៍កោសល្យវិច័យ DNA នៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ, លោកព្រះរាជាអាជ្ញារងខេត្តកណ្តាល, លោកវេជ្ជបណ្ឌិតអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោស្នងការខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ទោស្នងការរងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ស្នងការរងខេត្តតាកែវ, លោកឧត្តមសេនីយ៍ត្រីស្នងការរងខេត្តកណ្តាល, លោកឧត្តមសេនីយ៍ត្រីស្នងការរងខេត្តព្រៃវែង, លោកនាយ-នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ សូមសំដែងនូវទឹកចិត្តរំភើបរីករាយចំពោះការអញ្ជើញចូលរួមដ៏ឧត្តុង្គឧត្តមរបស់គណៈអធិបតី កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមុខជំនាញ DNA ដែលកំពុងប្រព្រឹត្តនាពេលនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា បានឯកភាពតាមរបាយការណ៍លទ្ធផលវគ្គសិក្សាដែលលោកឧត្តមសេនីយ៍ទោ អ៊ុក ណារិន បានរាយកាណ៍ជូនអង្គពិធី ជាពិសេសគ្រូបង្គោលបានលើកយកខ្លឹមសារមេរៀនសំខាន់ៗ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៃមូលដ្ឋានគ្រឹះមុខជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ក្នុងការការពារគ្រប់គ្រងកន្លែងកើតហេតុ ដើម្បីថែរក្សាស្លាកស្នាមវត្ថុតាងនៅកន្លែងកើតហេតុ, ថតរូបជនសង្ស័យ, ថតវត្ថុតាង, ការកសាងសំណុំឯកសារករណី និងបានផ្តល់ចំណេះដឹងនូវវិធីសាស្ត្រក្នុងការស្វែងរក ប្រមូលចាប់យក និងវិភាគ សំណាក DNA។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានបន្តថា ផ្អែកតាមលទ្ធផលនៃការសិក្សារបស់សិក្ខាកាមបញ្ជាក់ឲ្យឃើញថា សិក្ខាកាមពិតជាខិតខំយកចិត្តទុកដាក់រៀនសូត្រអស់ពីកម្លាំងកាយចិត្ត ស្វែងយល់អំពីមុខជំនាញ និងបទពិសោធន៍ថ្មីដែលលោកគ្រូបានចែករំលែក លទ្ធផលនេះបានបញ្ជាក់នូវសកម្មភាពមូលដ្ឋានគ្រឹះរឹងមាំ និងមានប្រសិទ្ធភាពសុក្រិតបំផុត។
ដើម្បីឲ្យការអនុវត្តជំនាញបានរឹងមាំ ល្អប្រសើរ ប្រសិទ្ធភាពបន្ថែមទៀត ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានដាក់នូវចេញគោលការណ៍ចំនួន ១០ចំណុច សំរាប់យកទៅអនុវត្តដូចខាងក្រោម៖
១-តំកល់ឯកសារមេរៀនទុកនៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរបស់ខ្លួនដែលបានបណ្តុះបណ្តាលរួចរួមមាន៖ រាជធានីភ្នំពេញ, ព្រៃវែង, តាកែវ, កណ្តាល,ស្វាយរៀង។
២-ត្រូវយកចំណេះជំនាញ ដែលបានសិក្សាទៅអនុវត្តការងារឲ្យមានប្រសិទ្ធភាពបំផុត។
៣-ត្រូវណែនាំ-ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តទៅដល់មន្ត្រីនគរបាលប៉ុស្តិ៍អំពីជំនាញការការពារកន្លែងកើតហេតុ។
៤-ករណីលួច-ករណីបង្កឲ្យមានមនុស្សរបួស-ស្លាប់-រំលោភសេពសន្ថវៈ និងករណីអគ្គីភ័យ ចាំបាច់ត្រូវមានមន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចូលរួមក្នុងការស៊ើបអង្កេតប្រមូលចាប់យកវត្ថុតាងនៅកន្លែងកើតហេតុ។
៥-ករណីជនបរទេស និងជនមិនស្គាល់អត្តសញ្ញាណស្លាប់ ដោយមូលហេតុផ្សេងៗ ត្រូវប្រគល់សំណុំករណីនេះទៅការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។
៦-ថតរូបជនសង្ស័យទៅតាមគោលការណ៍ជំនាញ ដែលមានផ្ទាំងម៉ែត្របញ្ឈរចែកជូនស្រាប់។
៧-គ្រប់កន្លែងកើតហេតុត្រូវតែហ៊ុំព័ទ្ធតាមគោលការណ៍ណែនាំជំនាញ ដោយខ្សែការ
ពារដែលបានចែកជូនស្រាប់។
៨-មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ត្រូវយករបាយការណ៍លទ្ធផលកោសល្យវិច័យរបស់ខ្លួនដាក់ចូលក្នុងសំណុំរឿង។
៩-រាល់វត្ថុតាងដែលប្រមូលបានពីកន្លែងកើតហេតុ ត្រូវតែវេចខ្ចប់ ថែរក្សា ដឹកជញ្ជូនមកកាន់អង្គភាព ឬ មន្ទីរពិសោធន៍ តាមគោលការណ៍ជំនាញ និងរក្សាការសម្ងាត់គ្រប់ឯកសារជំនាញ។
១០-នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ត្រូវចុះត្រួតពិនិត្យលើការកសាងឯកសារជំនាញ និងកោសល្យវិច័យ DNA របស់ការិយល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្នុង៦ខែម្តង ៕