ឯកឧត្តម ឆែម សាវុធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពី៖ សកម្មភាពការងារដឹកនាំ ស្ថានភាពជនជាប់ឃុំ និងការអនុវត្តនីតិវិធី ការងារសន្តិសុខពន្ធនាគារ ការងារអប់រំកែប្រែ/ស្តារនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ/មុខរបរ ការងារសុខភាពពន្ធនាគារ ការងារសំណង់ពន្ធនាគារ និងកិច្ចការរដ្ឋបាល។ អគ្គនាយកដ្ឋានពន្ធនាគារ និងបន្តជំរុញដល់បណ្តានាយកដ្ឋាន មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី/ខេត្តឱ្យអនុវត្តការងារសេសសល់ រួមទាំងការងារថ្មីៗសម្រាប់អនុវត្តតាមរយៈផែនការសកម្មភាពប្រចាំឆ្នាំ។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួន៖
-ត្រូវធ្វើការដោះស្រាយកិច្ចការងារភាពចង្អៀតណែននៅក្នុងពន្ធនាគារ
-ពង្រឹងបន្ថែមលើការងារសន្តិសុខរបស់អគ្គពន្ធនាគារ
-ពិនិត្យ និងរៀបចំដំណើរការសន្និបាតរបស់អគ្គនាយកដ្ឋានពន្ធនាគារ និងត្រៀមឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ ៕