ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសិក្សាថ្មីនៅអនុវិទ្យាល័យបន្លិចប្រាសាទ និងផ្លូវបេតុងមួយខ្សែ នៅស្រុកពាមរក៍
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវសិរីចរណវិសុទ្ធិអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ជូ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការសាងសង់អគារសិក្សាថ្មីនៅអនុវិទ្យាល័យបន្លិចប្រាសាទ ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ រួមជាមួយសប្បុរសជននានា ដែលបានប្រារព្ធធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ កន្លងមក ដែលរហូតមកដល់ពេលនេះ សម្រេចបានប្រមាណជា៩០ភាគរយហើយ។
សូមជម្រាបថា អំណោយអគារសិក្សា១ខ្នងកម្ពស់ពីរជាន់មាន៨បន្ទប់ នៅសាលាអនុវិទ្យាល័យបន្លិចប្រាសាទ គឺជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ រួមជាមួយសប្បុរសជន ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យបន្លិចប្រាសាទ ស្ថិតក្នុងភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង គឺជាការួមចំណែកនៅក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សឱ្យមានការរីកចម្រើនឡើងថែមទៀត។
បន្ទាប់មក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ ក៏បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពផ្លូវបេតុង១ខ្សែប្រវែង ២,១០០ម៉ែត្រ ដែលបានសាងសង់ចាប់ពីវត្តព្រែកចាម រហូតដល់វត្តបន្លិចប្រាសាទ ៕