ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមជាកិត្តិយស និងជូនកន្ត្រកផ្កា ជូនពរក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកាជាភ្ញៀវកិត្តិយសចូលរួមប្រមាណ ៧០០អង្គ/នាក់។
សូមជម្រាបថា អង្គមិទ្ទីញនាពេលនេះប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រនៃដំណើរការចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជំនាន់មុន ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាលធ្វើឱ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ថ្ងៃ២ធ្នូ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស រួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យ។
រណសិរ្សបានកំណត់ចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ដោយរួមចំណែកជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» គឺជាឈ្មោះប្ដូរថ្មីនៃ «រណសិរ្សសាមគ្គី កសាងការពារមាតុភូមិកម្ពុជា» និងបន្តវេនប្រពៃណីស្នេហាជាតិដ៏ថ្លៃថ្លារបស់ «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា»៕