វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួល បានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្ដម ប៉ូច សោភ័ណ សមាជិក អ.ដ.ក. អមដោយ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឡាយ អូន និងលោកស្រី ជូ វិនាថ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីដោយជោគជ័យ។
សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាខ្ចីប្រាក់ តាំងពីឆ្នាំ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទនោះ ប៉ុន្តែ នៅតែមិនទទួលបានជោគជ័យ។ ក្រោយមកករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះដោយសន្តិវិធី។
ចំពោះ សំណុំរឿង វិវាទនេះ ដោយទទួលបានកិច្ចសហការល្អពីលោក ញ៉ែម សឿន មេឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងតាមការស្នេីសុំពីគូភាគី បេីទោះបីចំថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក អ.ដ.ក.បានចុះទៅដោះស្រាយបញ្ចប់ វិវាទដល់មូលដ្ឋានរ បស់គូភាគីដោយផ្ទាល់ និងប្រើប្រាស់ទីតាំងសាលាឃុំ ជាកន្លែង សម្រុះសម្រួល វិវាទ។
សូមបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដេីម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.៕