អភិបាលខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យស្ពានអូរល្វា ចំនុចភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ក្រោយជួសជុលឡើងវិញរួចរាល់
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យជាក់ស្តែង ស្ពានអូរល្វា ចំនុចភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ក្រោយជួសជុលឡើងវិញរួចរាល់ជាស្ថាពរ ១០០ភាគរយ។
ក្នុងឱកាសចុះត្រួតពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ លោក លី មីណា អភិបាលស្រុកបូរីអូរស្វាយសែនជ័យ ប្រធានក្រុមប្រឹក្សាស្រុក និង មានប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។
បើតាមលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនខេត្តស្ទឹងត្រែង បានឲ្យដឹងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ថា ស្ពានមួយកន្លែងត្រូវបាន ទឹកហូរច្រោះ បាក់ស្រុត ដោយសារទឹកជំនន់ទឹកភ្លៀង។ ក្រោយពីក្រុមបច្ចេកទេសក្រសួងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជន បានចុះទៅពិនិត្យវាយតំលៃ ស្ពានអូរល្វា ដែលមានប្រវែង៥៥ម៉ែត្រ ទទឹង៣,៥ម៉ែត្រ និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានណែនាំឱ្យក្រុមការងារ នៃមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សិក្សាធ្វើការជួសជុល រួចមក មកដល់ ស្ពានអូរល្វា ត្រូវបានស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ ១០០ភាគរយ ហើយ ដែលអាចឲ្យប្រជាពលរដ្ឋអាច អាស្រ័យផល និងដឹកជញ្ជូន កសិផល បានស្ពានបាន។
ក្នុងនោះ លោក ព្រំ ចាន់ថា បានគូសបញ្ជាក់ថា ស្ពានមួយកន្លែងនេះឆ្លងកាត់ភ្ជាប់ពីភូមិអូររុន និងភូមិ វឺន សៀន ដែលមានប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះ ចំនួន ២០៧គ្រួសារ ប្រជាជនប្រមាណជា ១.០០០នាក់ផងដែរ។
ឆ្លៀតក្នុងឱកាសចុះត្រួតពិនិត្យស្ពាន ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសំណូមពរដល់ប្រជាពលរដ្ឋដែល រស់នៅតាមបណ្ដោយផ្លូវនេះ និងអាស្រ័យផល លើស្ពាននេះ ត្រូវចេះថែរក្សា សមិទ្ធផលនានាទាំងអស់នេះបានគង់វង្ស និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរបានយូរអង្វែង។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ជូននូវ ក្រម៉ា ដល់ប្រជាពលរដ្ឋ ផងដែរ ៕