បទវិភាគ៖គោលនយោបាយពន្ធគយរបស់រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផង
ពេលថ្មីៗកន្លងទៅនេះ លោកត្រាំប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកបានបង្ហោះសារតាមគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា អាមេរិកគ្រោងនឹងយកពន្ធគយ២៥%ចំពោះទំនិញដែលនាំចូលពីប្រទេសម៉ិកស៊ិកនិងកាណាដា ក្នុងពេលជាមួយគ្នានេះ នឹងដំឡើងពន្ធគយ១០%ចំពោះទំនិញទាំងអស់ដែលនាំចូលពីប្រទេសចិន។ទោះបីជាមិនទាន់ឡើងកាន់មុខតំណែងក៏ដោយ ប៉ុន្តែលោកត្រាំក៏បានចាប់ផ្តើមត្រៀមលក្ខណៈសម្រាប់បញ្ជីពន្ធគយរួចហើយ។ ទាក់ទិននឹងករណីនេះ រដ្ឋាភិបាលម៉ិកស៊ិកបានថ្លែងថា ប្រសិនបើភាគីអាមេរិកទទូចធ្វើបែបនេះ នោះភាគីម៉ិកស៊ិកនឹងសងសឹកដូចគ្នាវិញ ដោយដំឡើងពន្ធគយចំពោះផលិតផលរបស់អាមេរិក។ដើម្បីទប់ទល់នឹងការគំរាមកំហែងខាងពន្ធគយ លោកTrudeauនាយករដ្ឋមន្រ្តីកាណាដាបានធ្វើដំណើរទៅដល់រដ្ឋផ្លរីដានៃប្រទេសអាមេរិក ដើម្បីជួបពិភាក្សាការងារជាមួយលោកត្រាំ។ ក្រៅពីនេះ មន្រ្តីជាន់ខ្ពស់មួយរូបនៃប្រទេសកាណាដាបានថ្លែងថា បន្ទាប់ពីលោកត្រាំបញ្ចេញការគំរាមកំហែងខាងពន្ធគយ កាណាដាកំពុងត្រៀមលក្ខណៈសម្រាប់ឆ្លើយតបនឹងស្ថានការណ៍ដែលនឹងកើតឡើងជាយថាហេតុ ព្រមទាំងចាប់ផ្តើមគិតពិចារណាពីការយកពន្ធគយជាលក្ខណៈសងសឹកចំពោះផលិតផលអាមេរិកមួយចំនួន។
បើនិយាយចំពោះអាមេរិក គោលនយោបាយពន្ធគយមានផលល្អផង ហើយក៏មានផលអាក្រក់ផងដែរ។ ក្នុងរយៈពេលដ៏ខ្លីខាងមុខ គោលនយោបាយពន្ធគយប្រហែលនឹងជំរុញឱ្យឧស្សាហកម្មកម្មន្តសាលនៃប្រទេសអាមេរិកស្តារឡើងវិញ ជួយឧស្សាហកម្មក្នុងស្រុកអាមេរិកទទួលការអភិវឌ្ឍ ហើយបង្កើតឱកាសការងារកាន់តែច្រើន។ប៉ុន្តែ បើមើលពីរយៈពេលវែង ការដំឡើងពន្ធគយនឹងបណ្តាលឱ្យដើមទុននៃទំនិញនាំចូលកើនឡើង ដើម្បីស្រោចស្រង់ការខាតបង់ទាំងនេះ ជាធម្មតា ពាណិជ្ជករនាំចូលនឹងដំឡើងថ្លៃលក់ទំនិញ ចុងក្រោយ ពន្ធគយដែលត្រូវបានដំឡើងនឹងរ៉ាប់រងដោយអ្នកប្រើប្រាស់។លោកKnittelសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេតអាមេរិកបានថ្លែងថា “យើងសម្គាល់ឃើញថា ប្រហែលពន្ធគយចំនួន៧៥%នឹងត្រូវរ៉ាប់រងដោយអ្នកប្រើប្រាស់” ។ នេះគឺមានន័យថា គ្រួសារជនជាតិអាមេរិកគិតជាមធ្យមនឹងចំណាយប្រហែល១២០០ដុល្លារអាមេរិកបន្ថែមទៀតក្នុងមួយឆ្នាំ។
បើនិយាយចំពោះប្រទេសចិន ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនភាពធន់នៃសេដ្ឋកិច្ចឥតឈប់ឈរ តាមរយៈយុទ្ធសាស្រ្តពាណិជ្ជកម្មដ៏ច្រើនបែបយ៉ាង។ខណៈពេលប្រឈមមុខនឹងកម្លាំងសម្ពាធមកពីខាងក្រៅ ក៏អាចប្រកាន់ស្មារតីនឹងធឹងឥតស្លន់ស្លោដែរ។ ប្រទេសចិនបានពន្លឿនកិច្ចកសាងដំណើរវិលជុំនៃសេដ្ឋកិច្ចក្នុងស្រុក ព្រមពេលជាមួយគ្នានេះ បានត្រួសត្រាយយ៉ាងសកម្មនូវទីផ្សារងើបឡើងថ្មី ហើយពន្លឿនការជំរុញសកលភាវូបនីយកម្មប្រាក់យាន់ចិននិងលើកកម្ពស់លំដាប់ថ្នាក់ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការស្តីពី”ខ្សែក្រវាត់និងផ្លូវ” និងបង្កើតកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចយ៉ាងទូលំទូលាយជាមួយអាស៊ាន រុស្ស៊ី អាហ្រ្វិកនិងអាមេរិកឡាទីនជាដើម។ ទស្សនាវដ្តី«The Diplomat»របស់អាមេរិកបានចុះផ្សាយអត្ថបទថា បើមើលពីទស្សនៈរបស់ប្រទេសចិន ការសងសឹកដ៏ល្អបំផុតគឺប្រើកម្លាំងជាក់ស្តែងមកការពារខ្លួនឯង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពង្រឹងកម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបរិយាកាសអន្តរជាតិដែលកាន់តែមិនប្រាកដប្រាជា។
បើមើលពីចក្ខុវិស័យទូទាំងពិភពលោក គោលនយោបាយពន្ធគយរបស់លោកត្រាំនឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយចំពោះខ្សែសង្វាក់ឧស្សាហកម្មសកល។ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ជិតស្និទ្ធរវាងអាមេរិក កាណាដានិងម៉ិកស៊ិកប្រហែលនឹងកែសម្រួលដោយបង្ខំ ផលិតភាពមួយចំនួនប្រហែលនឹងផ្ទេរទៅកាន់ប្រទេសនិងតំបន់ផ្សេងទៀត ដូច្នេះ នឹងបង្កើតជាថ្មីឡើងវិញនូវរចនាសម្ព័ន្ធដើមទុននិងនិម្មាបនកម្មប្រកួតប្រជែងនៃឧស្សា្កម្មកម្មន្តសាលពិភពលោក។ ក្នុងពេលជាមួយគ្នានេះ គោលនយោបាយនេះក៏នឹងបណ្តាលឱ្យវិវាទពាណិជ្ជកម្មរវាងអាមេរិកនិងសម្ព័ន្ធមិត្តដទៃទៀតកាន់តែធ្ងន់ធ្ងរ ក៏ដូចជារង្គោះរង្គើដល់ស្ថិរភាពរបស់ពាណិជ្ជកម្មសកលផងដែរ។
លោកត្រាំនិងអ្នកគាំទ្ររបស់គាត់បានយល់ឃើញថា គោលនយោបាយពន្ធគយអាចជំរុញឱ្យឧស្សាហកម្មកម្មន្តសាលវិលត្រឡប់ទៅរកអាមេរិកវិញ ជំរុញដល់កំណើននៃឱកាសការងារ ហើយបង្កើនសមត្ថភាពជាម្ចាស់ការរបស់សេដ្ឋកិច្ចអាមេរិក។ប៉ុន្តែ ក្នុងដំណើរការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ សកម្មភាពសេដ្ឋកិច្ចរវាងបណ្តាប្រទេសនានានិងរវាងតំបន់នានាលើពិភពលោក វាគឺពឹងផ្អែកគ្នាទៅវិញទៅមកនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ការដំឡើងពន្ធគយមានតែធ្វើឱ្យអតិផរណារបស់អាមេរិកកាន់តែធ្ងន់ធ្ងរ ព្រមទាំងបណ្តាលឱ្យវិវាទពាណិជ្ជកម្មសកលឡើងកម្តៅថែមមួយកម្រិតទៀតប៉ុណ្ណោះ ចុងក្រោយ សង្រ្គាមពាណិជ្ជកម្មដែលបំផុសឡើងដោយអាមេរិកនឹងប៉ះពាល់ដល់ពិភពលោកទាំងមូល គោលនយោបាយពន្ធគយនឹងនាំមកនូវផលអាក្រក់ដែលបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងបែបនេះ អាមេរិកគួរគិតមុនសឹមគូរ!