រដ្ឋមន្ត្រីការបរទេស៖ ឥណ្ឌូណេស៊ីមិនទាន់យល់ព្រមលើតំបន់អភិវឌ្ឍន៍រួមជាមួយចិន នៅសមុទ្រចិនខាងត្បូងឡើយ
ឥណ្ឌូណេស៊ី មិនទាន់សម្រេចចិត្តលើតំបន់អភិវឌ្ឍន៍រួមណាមួយ ជាមួយចិន នៅសមុទ្រចិនខាងត្បូង
ហ្សាការតា៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ស៊ូហ្គីណូ (Sugiono) បានបញ្ជាក់កាលពីថ្ងៃចន្ទទី២ ខែធ្នូថា ឥណ្ឌូណេស៊ីមិនទាន់សម្រេចចិត្តលើតំបន់អភិវឌ្ឍន៍រួមណាមួយជាមួយចិននៅសមុទ្រចិនខាងត្បូងទេ។ ការបញ្ជាក់នេះគឺដើម្បីបន្ធូរបន្ថយការព្រួយបារម្ភថាកិច្ចព្រមព្រៀងនាពេលថ្មីៗនេះជាមួយរដ្ឋធានីប៉េកាំងអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់ឥណ្ឌូណេស៊ី ។
ឥណ្ឌូណេស៊ីបានបង្កឱ្យមានភាពភ្ញាក់ផ្អើលកាលពីខែមុន នៅពេលដែលខ្លួនបានចេញសេចក្ដីថ្លែងការណ៍រួមជាមួយមហាយក្សចិន ដោយសន្យាថានឹងអភិវឌ្ឍគម្រោងនៅក្នុងដែនទឹកត្រួតស៊ីគ្នាដែលប្រទេសទាំង២ បានទាមទារ។ ជុំវិញសេចក្ដីថ្លែងការណ៍រួមនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ស៊ូហ្គីណូ បានប្រាប់សមាជិកសភាថា រដ្ឋធានីហ្សាការតានៅតែមិនទទួលស្គាល់ការទាមទាររបស់ចិន ហើយនឹងសម្រេចចិត្តដោយយកផលប្រយោជន៍ជាតិជាធំ។
លោក ស៊ូហ្គីណូ បានអះអាងថា មិនទាន់មានតំបន់ណាមួយត្រូវបានបញ្ជាក់ថានឹងធ្វើការជាមួយប្រទេសចិនលើការរួមគ្នាអភិវឌ្ឍការនេសាទ ឬទាញយកធនធានផ្សេងទៀតនោះទេ។ លោកបន្តថា៖ «វាជាការប្រសើរក្នុងពង្រឹងទំនាក់ទំនងភាពជាដៃគូ ប៉ុន្តែមិនភ្លេចគោលការណ៍សំខាន់ៗ នោះគឺយើងនៅតែការពារអធិបតេយ្យភាពរបស់យើងដដែល»។
មែនទែនទៅ រដ្ឋជាច្រើននៅសមុទ្រចិនខាងត្បូងមានការស្ទាក់ស្ទើរក្នុងការចូលទៅក្នុងកិច្ចព្រមព្រៀងរួមជាមួយប្រទេសចិន ជាពិសេសលើថាមពល ដោយខ្លាចថាវាអាចធ្វើឱ្យការទាមទាររបស់ចិនក្លាយជាស្របច្បាប់។ លោក ស៊ូហ្គីណូ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានបង្ហាញពីផែនការអភិវឌ្ឍន៍រួមគ្នាទៅកាន់មេដឹកនាំនៃប្រទេសជិតខាងរបស់ខ្លួនក្នុងគោលបំណងកាត់បន្ថយភាពតានតឹង៕