ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ចូលរួមក្នុងកម្មវិធីសប្បុរសធម៌ជាមួយមូលនិធិ GX Foundation នៅហុងកុង ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងកៀរគរសកម្មភាពសប្បុរសធម៌នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍បំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមកម្មវិធី «GX Foundation Khmer Cuisine Charity Dinner» ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក៏ដូចជាកៀរគរស្វែងរកការគាំទ្រសម្រាប់ជួយសកម្មភាពសប្បុរសធម៌នៅកម្ពុជា។
ការបំពេញទស្សនកិច្ចនេះ គឺដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការអញ្ជើញរបស់មូលនិធិ GX Foundation។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ការអញ្ជើញចូលរួមកម្មវិធី «GX Foundation Khmer Cuisine Charity Dinner» នេះ គឺមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ម្ហូបអាហារខ្មែរ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក៏ដូចជាកៀរគរស្វែងរកការគាំទ្រសម្រាប់ជួយសកម្មភាពសប្បុរសធម៌នៅកម្ពុជាផងដែរ ៕